អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកឧកញ៉ា ឌួង លាង ជាស្ថាបនិក និងជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំពិធីសូត្រមន្ត ប្រោះព្រំ សិរីសួស្តី ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ។
អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) ទើបទទួលបានការតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាលថ្មី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ដោយមានការចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្នុងតួនាទីថ្មីនេះ អ្នកឧកញ៉ា មានផែនការអភិវឌ្ឍ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សំខាន់ៗមួយចំនួនដូចជា៖ ១)កែសម្រួលបរិស្ថាន អគារប្រាក់ (ផ្លូវកម្ពុជាក្រោម) ឱ្យកាន់តែល្អ ដោយបំពាក់ជណ្តើរយន្ត បំពាក់ម៉ាស៊ីនត្រជាក់ និងបរិក្ខាសិក្សាទំនើបៗ, ២)ពង្រីកចំណតបន្ថែម ដើម្បីឆ្លើយតបនឹងកំណើននិស្សិតចេះតែកើនឡើងឥតឈប់ឈរ និង ៣)បន្តពង្រឹង និងពង្រីក ឧត្តមភាព គុណភាពសិក្សា និងការស្រាវជ្រាវ ព្រមទាំងសម្ភារៈរូបវ័ន្តទំនើប ជាពិសេសស្វែងរកទីផ្សារការងារជូននិស្សិតគ្រប់កម្រិតសិក្សាឱ្យកាន់តែទូលំទូលាយ។
សាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) បានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយឧកញ៉ា ឌួង លាង ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នសាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន ៥ ដែលមានឯកទេសផ្សេងៗគ្នា ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់បណ្ឌិត រួមមាន៖ ១.មហាវិទ្យាល័យសិល្ប: មនុស្ស និង ភាសា ២. មហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ៣. មហាវិទ្យាល័យសង្គមសាស្រ្ត និង សេដ្ឋកិច្ចនីតិសាស្ត្រ និង វិទ្យាសាស្រ្ត ៤. មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិង ទេសចរណ៍ ៥. មហាវិទ្យាល័យនីតិសាស្រ្ត និង វិទ្យាសាស្រ្តនយោបាយ៕