ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង មើលឃើញថា សុខភាពរបស់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ នេះមិនទាន់មានអ្វីច្បាស់លាស់ ប្រាកដប្រជានៅឡើយទេ ព្រោះទើបតែដើមឆ្នាំ ពិបាកក្នុងការសន្និដ្ឋាន ហើយអត្រាការប្រាក់នៅអាមេរិចនៅមិនទាន់ធ្លាក់ចុះ។
ការសម្លឹងមើលស្ថានភាពសុខភាពរបស់វិស័យអចលនទ្រព្យនៅកម្ពុជា របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺធ្វើឡើងនៅពេលផ្ដល់បទសម្ភាសន៍នៅក្នុងស្ថានីយ៍វិទ្យុមួយ កាលពីពេលថ្មីៗនេះ។

ឆ្លើយតបជាមួយនឹងសំណួរដែលសួរថា តើសុខភាពវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤នេះ យ៉ាងណាហើយ? លោកឧកញ៉ា បានពន្យល់ថា «សេដ្ឋកិច្ចរបស់ពិភពលោកបានដើរថយក្រោយតាំងពីឆ្នាំ២០១៩ មកម្ល៉េះ, បើនិយាយពីវិស័យទេសចរណ៍កម្ពុជាគឺធ្លាក់តាំងពីឆ្នាំ២០១៩។ នៅឆ្នាំ២០២០ យើងមានបញ្ហា កូវិដ-១៩ នៅក្នុងឆ្នាំនេះ ត្បិតមានជំងឺកាចសាហាវរាតត្បាតពិតមែន តែវិស័យអចលនទ្រព្យមិនទាន់មានបញ្ហានោះទេ។ កាលខែ០៧ ឆ្នាំ២០១៩ មានបញ្ហាបាក់អគារ៧ជាន់នៅកំពង់សោម, ខែ០៨ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលប្រកាសបិទអនឡាញ, ចុងខែ១២ ឆ្នាំ២០១៩ គឺអត់មានអនឡាញទូទាំងប្រទេស នៅពេលនោះមានបញ្ហាពិតមែន ប៉ុន្ដែមានបញ្ហាត្រង់តំបន់ខ្លះដូចជានៅ កំពង់សោម បាវិត ប៉ោយប៉ែត តំបន់កាស៊ីណូ ប៉ុន្ដែសម្រាប់នៅទីក្រុងភ្នំពេញការទិញលក់ដូរនៅមានដំណើរការល្អនៅឡើយ រហូតដល់ឆ្នាំ២០២១ ចាប់ផ្ដើមធ្លាក់ ហើយឆ្នាំ២០២២ ចាប់ផ្ដើមធ្លាក់ធ្ងន់ជាង២០២១ទៀត រហូតដល់ឆ្នាំ២០២៣ គឺធ្លាក់លើសពីឆ្នាំមុនៗទៅទៀត»។
លោកឧកញ៉ា បន្ដថា «ក្រោយប្រឡូកក្នុងវិស័យនេះរយៈពេល២៣ឆ្នាំ (២០០១-២០២៤) ខ្ញុំមើលឃើញថា នៅចុងឆ្នាំ២០២៣ គឺជាពេលវេលាដែលលំបាកបំផុត, ហើយនៅដើមឆ្នាំ២០២៤នេះ ខ្ញុំមិនទាន់ច្បាស់ថាវិស័យនេះនឹងល្អឡើងវិញ ឬអត់នោះទេ។ តែទោះជាយ៉ាងណា វិស័យអចលនទ្រព្យនេះនឹងល្អឡើយវិញ ព្រោះថាយើងបានឆ្លងផុតពេលវេលាដ៏លំបាកហើយ កាលពីចុងឆ្នាំ២០២៣»។

ជាដំណោះស្រាយក្នុងបញ្ហាវិស័យអចលនទ្រព្យនេះ ឧកញ៉ា គឹម ហ៊ាង យល់ថាគ្មានអ្វីដែលលំបាកនោះទេ ដោយលោកលើកឡើងថា «បច្ចុប្បន្នបើចង់ដឹងថា វិស័យអចលនទ្រព្យនៅកម្ពុជា ល្អឬមិនល្អ គឺមើលលើអត្រាការប្រាក់នៅអាមេរិច ព្រោះថា នៅពេលណាដែលអត្រាការប្រាក់នៅអាមេរិចឡើង មានន័យថាសេដ្ឋកិច្ចរបស់ពិភពលោកងាប់ហើយ, នៅពេលណាដែលអត្រាការប្រាក់នៅអាមេរិចធ្លាក់ចុះ គឺមានន័យថាសេដ្ឋកិច្ចល្អហើយ, ហើយបច្ចុប្បន្ននេះអត្រាការប្រាក់របស់អាមេរិចមិនទាន់ចុះនៅឡើយទេ អ៊ីចឹងយើងត្រូវតាមដានទីផ្សារហ៊ុននៅអាមេរិច។ ព្រោះថា អ្នកដឹកនាំសេដ្ឋកិច្ចពិភពលោកគឺអាមេរិច និងចិននឹងតែម្ដង បើសិននៅចិនអត្រាការប្រាក់ចុះថោក អាមេរិចការប្រាក់ចុះថោក ដូចគ្នា សេដ្ឋកិច្ចនឹងស្រួលតាមនឹង ប៉ុន្ដែប្រទេសកម្ពុជាមិនមែនពឹងផ្អែកតែទៅលើចិន និងអាមេរិចនោះទេ ប្រទេសយើងក៏មានចំណុចពិសេសដែលអាចរស់នៅដោយខ្លួនឯងបានដែរ»។
ជាមួយនឹងដំណោះស្រាយនេះ ឧកញ៉ា គីម ហ៊ាង បន្ថែមថា ដើម្បីឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាល្អដូចមុនឆ្នាំ២០១៩ គឺត្រូវស្វែងយល់ថា តើឈឺអ្វីឱ្យពិតប្រាកដ? សម្រាប់លោកឧកញ៉ាផ្ទាល់ ដឹងថាវិស័យសេដ្ឋកិច្ចរបស់កម្ពុជាឈឺអ្វីពិតប្រាកដ ហើយជំងឺសេដ្ឋកិច្ចរបស់កម្ពុជា គឺជាការខ្វះខាតទុនពីបរទេស។ ជាដំណោះស្រាយ កម្ពុជាត្រូវប្រើគ្រប់វិធីដើម្បីទាក់ទាញបរទេស ឱ្យយកលុយមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ឧកញ៉ា គីម ហ៊ាង បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមិនមែនជាប្រទេសផលិតនោះទេ មានប្រទេសជាច្រើនបានក្លាយជាប្រទេសផលិត ហើយយកទំនិញទៅលក់នៅស្រុកក្រៅដើម្បីយកលុយមកចូលស្រុក ប៉ុន្ដែប្រទេសកម្ពុជា គឺជាប្រទេសដែលទិញ យើងយកលុយទៅទិញរបស់ដែលគេផលិត អ៊ីចឹងលុយរបស់យើង ដែលចេញទៅស្រុកក្រៅច្រើនជាងលុយដែលយកចូល។ យើងត្រូវទាក់ទាញបរទេសឱ្យយកលុយមករកស៊ីនៅក្នុងស្រុកខ្មែរឱ្យបានច្រើន តាមគ្រប់រូបភាព ហើយគ្រប់ផ្នែកទាំងអស់ ទើបធ្វើឱ្យសេដ្ឋកិច្ចរបស់ដើរឡើងវិញ៕





