សមាគមឧកញ៉ាកម្ពុជា ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ឈានចូលពុទ្ធសករាជ ២៥៦៨ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសារលិខិតថ្វាយព្រះពរ អ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា បានក្រាបទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាពោរពេញដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ឈានចូលពុទ្ធសករាជ ២៥៦៨ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា តាងនាម ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលក៏ដូចជាសមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសមាគមឧកញ៉ាកម្ពុជា សូមព្រះបរម រាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺ ថ្លា ព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសបវរមហាប្រសើរនេះ ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមថ្វាយនូវព្រះរាជកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ បំផុតចំពោះព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ តាមរយៈព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា ប្រកបដោយទសពិធរាជធម៌ និងព្រះរាជហឫទ័យ យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងភាពសុខក្សេមក្សាន្តចម្រុងចម្រើនរបស់ប្រជានុរាស្ត្រខ្មែរ។

ទូលព្រះបង្គំ និងខ្ញុំម្ចាស់ទាំងអស់គ្នា សូមលំឱនកាយបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេព្តាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហា ក្សត្រិយានីខ្មែរគ្រប់ៗព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាតាមថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរបវរមហាប្រសើរថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គប្រកបដោយព្រះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ចប្រកបដោយគារវភក្តិដ៏ស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំជាខ្ញុំ និងខ្ញុំម្ចាស់ទាំងអស់គ្នា៕