អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស កាលពីពេលថ្មីៗកន្លងទៅនេះ បានទិញយករូបថតដ៏អស្ចារ្យមួយរបស់លោក ឡាម៉ូ ក្នុងគោលដៅជួយដាំនិងថែរក្សាដើមឈើចំនួន ១០០ដើម។
លោក ឡាម៉ូ ដែលជាអ្នកថតរូបដ៏ល្បី ធ្លាប់ឈ្នះពានក្នុងការប្រកួតប្រជែងរូបថតនៅប្រទេសអង់គ្លេស នៅឆ្នាំ២០១៨ ដែលគេទទួលស្គាល់ថាជារូបតំណាងឱ្យកម្ពុជា និងជារូបថតជាប់លេខ១ ប្រចាំប្រទេសកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុក កាលពីដើមខែមេសា ឆ្នាំ២០២៤នេះថា បើគ្មានភពផែនដី ក៏មិនមានយើង។ លោកមានក្តីស្រមៃដ៏តូចមួយក្នុងការកាត់បន្ថយការទ្បើងកំដៅនៃភពផែនដី ហើយលោកនឹងចំណាយធនធានដែលនៅសេសសល់បន្តិចបន្ទួចក្នុងការចូលរួមជាមួយគម្រោងពិសេសនេះ។
អ្នកថតរូបឆ្នើមរូបនេះ បានបន្ថែមថា៖ “សូមថ្លែងអំណគុណដល់អ្នកឧញ៉ា សួរ វីរ: ជាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលបានជាវរូបថតខ្ញុំបាទ សម្រាប់ដាំនិងថែរក្សាដើមឈើ ១០០ដើម។ ពុកម៉ែបងប្អូនអាចទាក់ទងមកខ្ញុំផ្ទាល់ ដើម្បីចូលរួមដាំនិងថែរក្សាដើមឈើបន្តបន្ទាប់ទៀត”។
អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមទាំង កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត នៅតាមបណ្តាខេត្តមួយចំនួន។ លោកត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
លោក លី មិន ឬហៅក្រៅថា “ឡាម៉ូ” កើតនៅឆ្នាំ១៩៧៧ ខេត្តសៀមរាប ជាសិល្បករ និងអ្នកថតរូបដ៏ល្បីម្នាក់។ ក្នុងដំណើរបេសកកម្មជាង ១០ឆ្នាំ លើវិស័យថតរូបបែបច្នៃប្រឌិត និងការផ្សងព្រេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់លោក បានដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាពដែលបានដាក់តាំងពិពរណ៍ គឺផ្តោតសំខាន់ទៅលើធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជន និងបូកបញ្ចូលជាមួយអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។ ចំពោះរូបភាពដែលលោកឡាម៉ូ លក់គឺមានខ្នាតផ្សេងៗគ្នា និងមាន Limited Edition ខុសគ្នា ហើយ១ផ្ទាំង មានតម្លៃចន្លោះពី ២០០ដុល្លារ រហូតដល់រាប់ពាន់ដុល្លារ៕