ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY យល់ឃើញថា ទាន់ខ្លួននៅក្មេងយើងគ្រប់គ្នាគួរខិតខំវិនិយោគ និងខិតខំប្រឹងប្រែងដោយខ្លួនង ហើយក្នុងនាមជាកូនប្រុស រង់ចាំពេលវេលាស្រណុកសុខស្រួល ៥ឆ្នាំឬ១០ឆ្នាំក្រោយទៀត ក៏មិនទាន់ហួសពេលនោះដែរ។

លោកឧកញ៉ា អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះ បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃទី១១ ខែមេសា យ៉ាងដូច្នេះថា៖ “បើមិនខំប្រឹងប្រមូលនៅពេលនេះ តើប្រមូលនៅពេលណា? បើមិនវិនិយោគនៅពេលនេះ តើវិនិយោគនៅពេលណា? បើមិននឿយហត់នៅពេលក្មេង តើនឿយហត់នៅពេលចាស់មែនទេ? បើមិនខំប្រឹងដោយខ្លួនឯង តើមានអ្នកណាមកខំប្រឹងជំនួសយើងមែនទេ? តោះ! ខំប្រឹងរៀងៗខ្លួនបន្តទៀត។ កូនប្រុសចាំស្រួល៥ ឆ្នាំ ឬ១០ក្រោយទៀត ក៏មិនហួសពេលដែរ”។

ជារឿយៗ ឧកញ៉ាបណ្ឌិត សំ សុខនឿន តែងតែជំរុញនិងលើកទឹកចិត្តគ្រប់គ្នាឱ្យវិនិយោគលើដីជាយក្រុង ខណៈដែលរូបលោកផ្ទាល់ក៏តែងតែដើរមើលឱកាស និងបានវិនិយោគលើដីជាយក្រុងជាច្រើនកន្លែងផងដែរ។
លោកឧកញ៉ា បានលើកឡើងកាលពីពេលថ្មីៗនេះថា បងប្អូនតែងសង្កេតឃើញលោកនៅតែបន្តទិញអចលទ្រព្យជាយក្រុងទុកដដែល នេះក៏ព្រោះតែលោកធ្លាប់បានផលចំណេញដីជាងក្រុង ពីការវិនិយោគ ៩ឆ្នាំមុន ដោយលក់ចេញដីដែលបានទិញកាលពីឆ្នាំ២០១៤ ហើយលក់ក្នុងដើមឆ្នាំ២០១៩។ លោកឧកញ៉ា បន្ថែមថា មានអ្នកវិនិយោគជាច្រើនណាស់ ដែលកំពុងបន្តទិញដដែល នោះបណ្តាលមកពីគាត់ទាំងនោះភាគច្រើនធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យ។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏ធ្លាប់លើកឡើងផងដែរថា ជាទូទៅវិស័យអចលនទ្រព្យតែងរីកលូតលាស់ឡើងវិញ បន្ទាប់ពីមានការថមថយ ហើយសម្រាប់អ្នកដែលស៊ូទ្រាំក្នុងវិស័យនេះ នឹងទទួលបានផលចំណេញជាទីគាប់ចិត្តវិញមិនខាន នាពេលអនាគត៕