អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សាន់ & មូន គ្រុប កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនៃគ្រួសារ សាន់& មូន ដ៏ធំនៅសណ្ឋាគារ សាន់ & មូន រីវើសាយ ដើម្បីជាលើកទឹកចិត្ដដល់បុគ្គលិកគ្រប់ផ្នែក និងអបអរឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។ ក្នុងកម្មវិធីជប់ប្រចាំឆ្នាំនោះដែរ ក៏មានកម្មវិធីផ្ដល់បណ្ណសរសើរដល់បុគ្គលិកឆ្នើម ដែលមានអតីតភាពការងារយូរឆ្នាំ និងកម្មវិធីចាប់រង្វាន់ជាច្រើនផងដែរ។

ថ្លែងក្នុងពិធីជួបជុំ និងជប់លៀងជូនបុគ្គលិកប្រចាំឆ្នាំនោះដែរ អ្នកឧកញ៉ាបណ្ឌិត ជា រតនា សូមកោតសរសើរដោយស្មោះ ចំពោះបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃ ខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ប្រកបដោយលទ្ធផលជាវិជ្ជមាន បើទោះបីស្ថានភាពសេដ្ឋកិច្ចមានលំបាកយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ាស្ថាបនិកក្រុមហ៊ុន សាន់ & មូន ក៏បានលើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់ សូមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ ក្រុមហ៊ុន ឈានឆ្ពោះរកឧត្តមភាព និងបង្កើនភាពល្បីល្បាញទាំងទីផ្សារក្នុងស្រុក និងការពង្រីកទីផ្សារទៅក្រៅប្រទេស។

លោកស្រី ជា សុភា អគ្គនាយិការង ក្រុមហ៊ុន សាន់ &មូន មានប្រសាសន៍ថា៖ “នាងខ្ញុំ ពិតជាសូមអរគុណដល់បុគ្គលិកគ្រប់ផ្នែកទាំងអស់នៃ ក្រុមហ៊ុន សាន់ &មូន ដែលនៅតែបន្តបង្កើននូវទំនាក់ទំនង បង្កើនកិច្ចសហការ និងសាមគ្គីភាព ធ្វើការជាមួយគ្នាក្នុងស្មារតីភាពជាក្រុមៗ។ ជាពិសេសប្រធានផ្នែកនីមួយៗ សូមបន្តផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់បុគ្គលិកក្រោមឱវាទរបស់ខ្លួនជាប្រចាំ ដោយសហការជាមួយ ផ្នែកធនធានមនុស្ស តាមគម្រោងផែនការប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ។ ខ្ញុំ ជឿជាក់និងសង្ឃឹមថា បុគ្គលិកគ្រប់ផ្នែកទាំងអស់ នឹងចូលរួមជាមួយ សាន់ &មូន ដោយឆន្ទៈ ស្មារតីទទួលខុសត្រូវ និងភាពស្មោះត្រង់បំផុត ដើម្បីសម្រេចបានលទ្ធផលវិជ្ជមានជាមួយគ្នា។”
លោកស្រី ជា សុភា បានគូសបញ្ជាក់បន្ថែមថា គ្រប់បុគ្គលិកទាំងអស់ មិនថាអ្នកស្ថិតក្នុងមុខតំណែងណា គ្រប់គ្នាគឺជាកោសិកាដ៏សំខាន់ និងមិនអាចខ្វះបានរបស់ក្រុមហ៊ុន។ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ ក៏សូមបងប្អូនគ្រួសារក្រុមហ៊ុន សាន់ & មូន គ្រុប ទាំងអស់ ទទួលបាននូវសុខភាពល្អ សុវត្ថិភាពទាំងនៅកន្លែងធ្វើការ និងរាល់ការធ្វើដំណើរ ទាំងអស់គ្នា។
សូមជម្រាបផងដែរថា ក្រុមហ៊ុន សាន់ & មូន គ្រុប ដែលមានដូចជា៖ សណ្ឋាគារផ្កាយ៥ សាន់ & មូន រីវើសាយ (ស្ពានអាកាសក្បាលថ្នល់), សណ្ឋាគារ SUN & MOON, Urban(ផ្សារកណ្ដាល) និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀត ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ដែលជាមគ្គុទេសឆ្នើម មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យធុរកិច្ចនានា បាននឹងកំពុងរួមចំណែកដ៏ធំក្នុងការលើកកម្ពស់មុខមាត់នៃវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា ។ ជាពិសេស ក្រុមហ៊ុន សាន់ & មូន គ្រុប បាននឹងកំពុងផ្ដល់ឱកាសការងារទាំងផ្ទាល់ និងប្រយោល ជូនដល់បុគ្គលិករាប់រយនាក់ថែមទៀតផង៕



















