អ្នកឧកញ៉ា សួរ វីរៈ រៀបចំ “សង្ក្រាន្តសហគមន៍បន្លែ” ជាមួយប្រជាពលរដ្ឋជាង ៤០០នាក់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីពេលថ្មីៗនេះ បានជួបជុំបងប្អូនប្រជាសហគមប្រមាណជាង ៤០០នាក់ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីអបអរសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ប្រាប់ Oknha News ឱ្យដឹងថា៖ “ដោយសារថ្ងៃមុខខ្ញុំជាប់មាត់ ថានឹងរៀបចំកម្មវិធីជួបជុំសង្ក្រាន្តសហគមន៍បន្លែនេះ ជាមួយបងប្អូន ដែលជាម្ចាស់ផ្ទះសំណាញ់ដាំបន្លែ Green House ប្រមាណជាង ៤០០នាក់ ដូច្នេះទោះរវល់យ៉ាងណា ក៏ឆ្លៀតរៀបចំសង្ក្រាន្តអបអរឆ្នាំថ្មី ជាមួយជូនបងប្អូនដែរ។”

អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស រូបនេះបញ្ជាក់បន្ថែមថា អ្នកឧកញ៉ា ក៏កំពុងតែធ្វើការងាររួមគ្នា ជាមួយបងប្អូនប្រជាសហគមន៍ដាំបន្លែ នៅភូមិត្រពាំងចក ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជួយរកប្រភពបញ្ហា និងដំណោះស្រាយ ជូនពួកគាត់។ ក្រោយសម្របសម្រួល និងធ្វើការជាមួយប្រធានសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនម្ចាស់ផ្ទះសំណាញ់ដាំបន្លែក្នុងសហគមន៍ផ្ទាល់ អ្នកឧកញ៉ា សួរ វីរៈ នឹងដាក់ចេញនូវផែនការសកម្មភាពមួយចំនួនក្នុងពេលឆាប់ៗនេះ ដើម្បីជាក្ដីសង្ឃឹមថ្មី ជូនបងប្អូនប្រជាសហគមន៍ដាំបន្លែនៅទីនោះ។ រួមមាន៖

  • ជីកស្រះទឹក បង្កើត និងរក្សាប្រភពទឹក
  • តប្រព័ន្ធស្រោចស្រពទឹកជុំវិញតំបន់ដាំបន្លែ
  • សាងសង់ឃ្លាំងត្រជាក់ សំរាប់ផ្ទុកបន្លែឱ្យនៅមានសភាពស្រស់បានយូរ
  • ប្រើឡានដឹកជញ្ជូន បន្លែប្រភេទទូត្រជាក់អាចរក្សាសីតុណ្ហភាព បន្លែឱ្យមានសភាពដើមក្នុងអំឡុងពេលដឹកជញ្ជូន
  • ទទួលទិញបន្លែនៅចំការ ដោយប្រគល់លុយភ្លាមៗពេលបានទទួលបន្លែ
  • ផ្តល់ប្រាក់កម្ចីដល់កសិករ ជាមួយការអនុម័តឆាប់រហ័ស ដោយគ្រាន់តែទទួលយករោងបន្លែ ជាទ្រព្យបញ្ចាំប៉ុណ្ណោះ
  • ជួយកសិករលើបច្ចេកទេសដាំដំណាំថ្មី ដើម្បីទទួលបានទិន្នផលខ្ពស់ រក្សាបានគុណភាពស្តង់ដារ
  • ជួយកាត់បន្ថយចំណាយថ្លៃដើមផ្សេងៗក្នុងការដាំដុះតាមរយៈការស្វែងរកគ្រាប់ពូជ ជី ឧបករណ៍សាងសង់ ដើម្បីផ្គត់ផ្គង់ដល់កសិករ
  • ស្វែងរកទីផ្សារបន្ថែមទាំងក្នុង និងក្រៅប្រទេស រួមទាំងទាក់ទាញវិនិយោគ ដើម្បីបង្កើតសិប្បកម្ម រោងចក្រ ការផលិតនានានៅក្នុងតំបន់ដាំដុះ តាមរយៈការជួយកសិករដាំដុះមុខបន្លែផ្សេងទៀត តាមតម្រូវការទីផ្សារ ព្រោះប្រជាកសិករបច្ចុប្បន្ន ដាំបានតែបន្លែ៤ ឬ៥ប្រភេទ ប៉ុណ្ណោះ
  • ស្វែងរកបច្ចេកទេសដើម្បីបំលែងបន្លែដែលខូចទៅជាជីកំប៉ុក ជំនួសការបោះចោលរាល់ថ្ងៃ។

តាមរយៈការសហការរកឱ្យឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយ ក៏ដូចជាការដាក់គោលដៅធំរួមជាមួយបងប្អូនប្រជាសហគមន៍ដាំបន្លែ នៅស្រុកត្រាំកក់ ខេត្តតាកែវនេះ ជាពិសេសក្រោមការសម្របសម្រួលពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធតាំងពីថ្នាក់ក្រោម រហូតដល់ក្រសួងពាណិជ្ជកម្មផងនោះ អ្នកឧកញ៉ា សួរ វីរៈ សង្ឃឹមថា ពួកគាត់នឹងទទួលបានផលចំណេញកាន់តែច្រើនជាក់ជាមិនខាន។