សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ បានឆ្លៀតឱកាសផ្តល់កិត្តិយសគួចចំណងដៃ និងប្រសិទ្ធិពរដល់គូស្វាមីភរិយាថ្មី លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងកញ្ញា អ៊ឹង ឈីវលី កូនស្រីឧកញ៉ា កែវ មុំ នៅភូមិគ្រឹះផ្ទាល់របស់សម្ដេច បន្ទាប់ពីសម្តេចខកខានមិនបានចូលរួមមង្គលការរបស់អ្នកទាំងពីរ ដោយសារជាប់បេសកកម្មនៅក្រៅប្រទេស។

លោកស្រីឧកញ៉ា កែវ មុំ បានលើកឡើងលើទំព័រហ្វេសប៊ុក កាលថ្ងៃទី១៣ ខែមេសា ថាលោកស្រីសូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទោះបីជាសម្ដេចមានភារកិច្ចការងាររវល់នៅក្រៅប្រទេស មិនបានចូលរួមក្នុងពិធីសិរីមង្គលរបស់កូនប្រុស សុខ សង្វារ និងកូនស្រី អុឹង ឈឺវលី យ៉ាងណាក៏ដោយ ក៏សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅតែឆ្លៀតឱកាសផ្ដល់មហាកិត្តិយស គួចចំណងដៃ និងប្រសិទ្ធិពរដល់គូស្វាមីភរិយាថ្មី នៅភូមិគ្រិះផ្ទាល់របស់សម្ដេចទាំងទ្វេ ក្រោយពេលសម្ដេចចប់បេសកកម្ម។
ការផ្តល់កិត្តិយសគួចចំណងដៃនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីលក្ខណៈគ្រួសារនៅភូមិគ្រឹះរបស់សម្តេចផ្ទាល់ កាលពីថ្ងៃទី១៣ ខែមេសា ដោយក្នុងនោះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសសាច់ញាតិជិតឆ្ងាយជាច្រើន រួមទាំងលោកស្រីឧកញ៉ា កែវ មុំ ព្រមទាំងលោក សុខ សង្វារ និងភរិយា អ៊ឹង ឈីវលី ផងដែរ។




កូនប្រុសពៅសម្តេចវិបុលបញ្ញា សុខ អាន គឺលោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានរៀបមង្គលការជាមួយកញ្ញា អ៊ឹង ឈីវលី ហៅ លីលី ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី កាលពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៤ ដោយពិធីប្រពៃណីផ្សេងៗប្រារព្វធ្វើឡើងនៅគេហដ្ឋានសម្ដេច សុខ អាន លើផ្លូវសម្ដេចប៉ាន និងពិធីទទួលទានភោជនីយាហារ ពេលល្ងាចថ្ងៃ២៨ គឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC៕