ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ហើយកំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា។
ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា បានបង្ហោះរូបភាពលើទំព័រហ្វេសប៊ុកជាច្រើនសន្លឹក កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលបង្ហាញអំពីសកម្មភាពការលើកដាក់ដឹកជញ្ជូនក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនទាំងចំនួន ១១ គ្រឿង នៅកំពង់ផែមួយកន្លែងនៃប្រទេសជប៉ុន ដើម្បីបន្តដឹកមកកាន់ប្រទេសកម្ពុជា សម្រាប់ផ្តល់សេវាកម្មជូនប្រជាពលរដ្ឋកម្ពុជា ជាប្រវត្តិសាស្ត្រថ្មីមួយទៀត។
តាមគេហទំព័រ Rail Travel Station បានឱ្យដឹងថា ក្បាលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿន ម៉ាក KiHa 183 Series DMUចំនួន ១១ គ្រឿងនេះ នឹងត្រូវដឹកជញ្ជូនពីតំបន់ហុកកៃដូ ទៅកាន់ប្រទេសកម្ពុជា ដោយបានចាកចេញពីកំពង់ផែ Hakodate នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤។ ក្បាលរថភ្លើងល្បឿនលឿនរបស់ជប៉ុនម៉ាក KiHa 183 Series DMU នេះ ត្រូវបានគេដឹងថា អាចរត់បានល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា មានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០០៩ ដែលមានក្រុមហ៊ុនបរទេសនិងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បណ្តាក់ទុនរួមគ្នា។ លុះដល់ឆ្នាំ២០១៤ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានក្លាយជាម្ចាស់ភាគហ៊ុនតែមួយទាំងស្រុង មកដល់បច្ចុប្បន្ន។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ធ្លាប់បានលើកឡើងថា សព្វថ្ងៃផ្លូវដែកកម្ពុជាកំពុងរីកចម្រើន ហើយក៏កំពុងត្រូវការធនធានបន្ថែមទៀត។ ផ្លូវដែកកម្ពុជាបានចាប់ផ្តើមដំណើរការម្តងទៀតក្នុងឆ្នាំ២០១០ ចាប់តាំងពីពេលនោះមក អ្នកឧកញ៉ាបានបណ្តាក់ទុនជាង ១០០លានដុល្លារ ហើយបានអភិវឌ្ឍផ្លូវដែកឱ្យមានលក្ខណៈដូចបច្ចុប្បន្ន។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា ផ្លូវដែក គឺជាគោលដៅមួយក្នុងចំណោមគោលដៅរបស់លោក ក្នុងការសម្រេចបាននូវសេវាកម្មដឹកជញ្ជូន ដើម្បីជួយដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា៕