លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោត​ ជាប្រធានសមាគមសិល្បករខ្មែរហើយ

ជុំវិញ​ឧកញ៉ា

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយ។ នេះបើយោងតាមគណៈកម្មការបណ្ដោះអាសន្នរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមគណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបំពេញនូវលក្ខខណ្ឌដែលគណៈកម្មការកំណត់រួចរាល់ហើយដូចជាពាក្យស្នើសុំឈរឈ្មោះ និងការបំពេញប្រវត្តិរូបជាដើម។ ដោយឡែក អ្នកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតមួយចំនួនទៀត បានសាកសួរព័ត៌មាន និងទទួលពាក្យពីគណៈកម្មការ ដើម្បីបំពេញក្នុងការចូលរួមផងដែរ ប៉ុន្តែក្រុមការងារមិនទាន់បានទទួលត្រឡប់មកវិញនៅឡើយ។

ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ការដាក់ពាក្យ និងទទួលពាក្យបន្តរហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ បើតាមគណៈកម្មការបានបន្តថា ប្រសិនបើអ្នកឧកញ៉ា ឧកញ៉ា ឯកឧត្ដមលោកជំទាវ អស់លោកលោកស្រី និងសិល្បករ សិល្បការិនីទាំងអស់ មានបំណងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦នេះ អាចទៅទទួលពាក្យស្នើសុំនៅទីស្នាក់ការបណ្ដោះអាសន្ននៃរបស់គណៈកម្មការដែលមានអាស័យដ្ឋានផ្ទះលេខ២ មហាវិថី ម៉ៅសេទុង(ក្រោយក្រសួងកសិកម្ម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្ររៀងរាល់ម៉ោងធ្វើការ។ ឬអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៦ ២២២ ៩២៩។

សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៍បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៍ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ ។

គណៈកម្មការដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងដំណើរការរៀបចំការបោះឆ្នោតជាផ្លូវការជ្រើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ឆាប់ៗនេះ។ ដោយឡែកដោយយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមកន្លងមកបញ្ជាក់ថា ការដាក់ពាក្យនិងទទួលពាក្យឈរឈ្មោះបោះឆ្នោតត្រូវបានគណៈកម្មការកំណត់យកពីថ្ងៃទី៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ ក្រៅពីលោកជំទាវ ឧកញ៉ា ម៉ៅ ចំណាន នៅមិនទាន់មានបេក្ខភាពដទៃទៀតដាក់ពាក្យឈរឈ្មោះនៅឡើយ៕