តុលាការសម្រេចបង្កកគណនីធនាគារចំនួន ១៨៣ គណនី របស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ឯ.ក

ជុំវិញ​ឧកញ៉ា

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានចេញ​សេចក្តីប្រកាសព័ត៌មាន​អំពី​វឌ្ឍនភាព​ចំណាត់ការ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ ឯ.ក របស់​លោកស្រី ឡេង ចាន់ណា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាមខ្លឹមសារ​លិខិត​របស់​សាលាដំបូង​ខេត្តសៀមរាប ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ សាលាដំបូងខេត្ត បានអនុវត្តកិច្ច​នីតិវិធី​ជាច្រើន មានដូចខាងក្រោម៖
១. បានសម្រេចបង្កកគណនីធនាគារ ចំនួន ១៨៣ គណនី និងទ្រព្យសម្បត្តិមួយចំនួន។
២. បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៥ នាក់, បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ និងបានចេញ​ដី​កាបង្គាប់ឱ្យចូលខ្លួនលើជនត្រូវចោទចំនួន ២៤ នាក់ ដោយកំណត់ឱ្យចូល ខ្លួនគិតចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
៣. បានចេញដីកាចាត់ឱ្យស៊ើបសួរជំនួស ដោយបង្គាប់ឱ្យស្រាវជ្រាវទ្រព្យសម្បត្តិ និងសាវតាជាតិ របស់ជនពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ចំពោះខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប​​ខាង​ក្រោម៖

គួររំឭកថា លោកស្រី ឡេង ចាន់ណា និងបក្សពួក២នាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងសំណុំរឿងឆបោក រំលោភលើសេចក្តីទុកចិត្ត និងចេញមូលបត្រគ្មានសាច់ប្រាក់ បន្ទាប់ពីប្រជាពលរដ្ឋ​ជាច្រើនពាន់​គ្រួសារចេញមកតវ៉ាសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាបជាច្រើនលើកច្រើនសារ។

បន្ទាប់មក សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី សម្រេចបញ្ចប់គោរមងា «ឧកញ៉ា» ពីលោកស្រីឧកញ៉ា ឡេង ចាន់ណា តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៣២៤/២៥៨ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ យោងតាមសេចក្តីក្រាប​បង្គំ​ទូលថ្វាយ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៕