ឧកញ៉ា ឡាយ ប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែតវ៉ានស៍ អុីកូ-អេហ្គ្រីហ្សូន ឯ.ក (Advanced Echo-Agrizone Co., Ltd) បានក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

លោក ឡាយ ប៊ុនថេត ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡាយ ប៊ុនថេត ក៏ត្រូវបានគេស្គាល់ថាជាម្ចាស់បុរី នគរថ្មី មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។
សូមជម្រាបថា សភាពាណិជ្ជកម្ម គឺជាស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម មិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឱ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅទូទាំងប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕