អ្នកឧកញ៉ា សុខ ឆេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន P P D E&C Co., Ltd. និងលោកជំទាវឧកញ៉ា ជា ហាវ បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។
អ្នកឧកញ៉ា សុខ ឆេង និងលោកជំទាវឧកញ៉ា ជា ហាវ តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ហើយក៏តែងតែបានចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣ ក្នុងឱកាសខួប១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អ្នកឧកញ៉ា ក៏បាននាំយកថវិកាចំនួន២ម៉ឺនដុល្លារផងដែរជួយដល់កាកបាទក្រហមកម្ពុជា។
សូមជម្រាបថា ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ នឹងប្រារព្វឡើងក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ថវិកាដែលទទួលបានពីសប្បុរសជន សមាគមជាតិមួយនេះនឹងប្រើប្រាស់ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕