លោក សាយ សំអាល់៖ ទោះមិនដូចបុរី របស់អ្នកឧកញ៉ា លី ហួរ តែបុរីជនបទ មានលក្ខណៈពិសេសមិនធម្មតា

ជុំវិញ​ឧកញ៉ា

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ពេលថ្មីៗ​នេះ​ បាន​លើកឡើង​ថា ក្រសួងរៀបចំដែនដី​​មានផែនការមួយ​គឺ​អភិវឌ្ឍ​ទីជនបទ​ឱ្យ​មានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សមរម្យ ហៅថា «បុរីជនបទ»​ ហើយ​ទោះ​មិនបាន​ដូច​បុរី វិមានភ្នំពេញ ​​របស់​អ្នកឧកញ៉ា លី ហួរ ក៏​បុរី​ជនបទ​នេះមានលក្ខណៈពិសេសមិនធម្មតានោះទេ​ គឺមាន​ ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ និងសាលារៀន គ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​សេវាសាធារណៈ​តាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ខណៈ​ដែល​ អ្នកឧកញ៉ា លី ហួរ ​​ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុងពិធី​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​លើកឡើង​ដូច្នេះ​ថា៖ “ពាក្យជនបទ មានន័យថាមិនមែននៅទីក្រុងនោះទេ។ ជនបទបច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជា​ច្រើន​ដូចជា​ ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ និងសាលារៀន ទៅដល់​ស្ទើរ​​តែ​ទាំងអស់​ហើយ​ ដូច្នេះនេះ​ហៅថា​ជា​បុរីជនបទ​ ទោះបីមិនដូចបុរីរបស់ អ្នកឧកញ៉ា លី ហួរ ប៉ុន្តែជាបុរីជនបទមួយដែល​ប្រជាពលរដ្ឋ​មានលំនៅឋាន​សមរម្យ មានការងារធ្វើ និង​មានប្រាក់ចំណូល​អាច​ផ្គត់ផ្គង់​គ្រួសារបាន”។

គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏​ធ្លាប់​បាន​លើកឡើង​​ផង​ដែរ​ថា ក្រសួងរៀបចំដែនដី មាន​ផែនការ​មួយហៅថា បុរីជនបទ។ កន្លង​មក​ សម្តេច​ធ្លាប់តែលឺបុរី១០០ខ្នង បុរីទន្លេ​បាសាក់ ជាដើម ប៉ុន្តែ​បន្តិចទៀត​នឹង​មានបុរីជនបទ ដែលសហការគ្នា​​ជាមួយ​ស្ថាប័នពាក់ព័ន្ធ​ រួមទាំង​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះ​បុរីជនបទ​សំដៅរៀបចំភូមិឃុំ​​ឱ្យសមរម្យ​​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅទាំង​ជីវភាព និងកិត្តិយស​ឱ្យសមរម្យ​​ រួមទាំងលទ្ធភាព​ដែល​រដ្ឋ​​​អាចធ្វើ​ទៅ​បាន​ដូចជា ការកសាងផ្លូវ កសាង​ប្រព័ន្ធ​ទឹកស្អាត សាងសង់​សាលារៀន និងមន្ទីរពេទ្យ។ សម្តេច​ បញ្ជាក់​ថា​ផែនការ​នេះ​ ក្រសួងរៀបចំ​បាន​ខ្លះ​ហើយ ដូច្នេះ​នឹង​ត្រូវ​​បន្ត​ធ្វើ​ទៅ​​ទៀត ហើយ​អ្វី​ទាំងអស់​នេះ​គឺជាអ្វី​ដែល​ធ្វើ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​តែ​ម្តង។

សូមទស្សនារូបភាពគម្រោងផែនការបុរីជនបទដូចខាងក្រោម៖