ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានសូមចូលរួមចំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះនៃហេតុការណ៍បាក់រលំអាគារកម្ពស់៧ជាន់ ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ថ្មីៗនេះ។ ក្នុងនោះ ឧកញ៉ា គួច ម៉េងលី ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះពីហេតុការណ៍បាក់រលំអាគារនៅខេត្តព្រះសីហនុ ដើម្បីបានជួយសម្រួលដល់ក្រុមគ្រួសារនៃសព និងអ្នករបួសផងដែរ។ អ្វីដែលគួរឲ្យរំភើបជាពន់ពេកសម្រាប់ កុមារា កុមារី ដែលបានបាត់បង់ទាំងឪពុកនិងម្តាយ ក្លាយជាក្មេងកំព្រា ឧកញ៉ា គួច ម៉េងលី នឹងផ្តល់អាហារូបករណ៍សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
គួររំលឹកថាប្រតិបត្តិការរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ នៅវេលាម៉ោង៧៖៣០នាទីយប់ម្សិលមិញ បន្ទាប់ពីបើកប្រតិបត្តិការរុករក និងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះ។ ជនរងគ្រោះដែលក្រុមការងារបានជួយសង្រ្គោះយកចេញពីគំនរអគារបាក់បែក មានចំនួនសរុបចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ ស្រី០៤នាក់ និងរងរបួសចំនួន២៦នាក់ ស្រី០២នាក់។
ថវិកាឧបត្ថម សពមួយទទួលបានមិនតិចជាង6ម៉ឺន$ ទៅ៧ម៉ឺន$និងអ្នករបួសបាន1ម៉ឺន$ (ថវិកាអាចនឹងប្រែប្រួលព្រោះមិនទាន់ទិន្នន័យជាក់លាក់ចេញបន្ទាប់)៕