អ្នកនិពន្ធល្បីឈ្មោះលោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទៅបួសភ្ជាប់និស្ស័យខាងព្រះពុទ្ធសាសនា រយៈពេល ១សប្តាហ៍ នៅវត្តត្រពាំងវែង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់ពីលោកបានបង្ហាញពីភាពជោគជ័យរបស់ខ្លួននិងប្អូនប្រុសជាទីស្រឡាញ់ គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កាលពីខែមុន ។

ព្រះតេជគុណ ខេមរៈ ភារុណ មានសង្ឃដីកាថា មូលហេតុដែលព្រះអង្គបួសនេះ គឺដើម្បីភ្ជាប់និស្ស័យខាងព្រះពុទ្ធសាសនាផង និងដើម្បីតបស្នងសងគុណដល់ជីដូនជីតាផង ជាពិសេសគឺឆ្លៀតក្នុងឱកាសបុណ្យចម្រើនព្រះជន្មញោមយាយ ញោមម៉ែ ញោមពុក គម្រប់ ៩០ឆ្នាំផង ។ ជូនពរញោមយាយមានសុខភាពល្អ រឹងមាំ ។
បើតាមគម្រោងព្រះតេជគុណ ខេមរៈ ភារុណ បួសក្នុងវិស័យព្រះពុទ្ធសាសនានេះរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២៦ ខែមេសា ។
គួរបញ្ជាក់ផងដែរថា ព្រះតេជគុណ ខេមរៈ ភារុណ បានសម្រេចចិត្តបួសជាព្រះសង្ឃភ្ជាប់និស្ស័យខាងព្រះពុទ្ធសាសនា បន្ទាប់ពីលោកបានបង្ហាញពីភាពជោគជ័យ និង ការលំបាក ដែលលោកនិងប្អូនប្រុសកំពូលតរាចម្រៀង ខេមរៈ សិរីមន្ត បានហែលឆ្លងក្នុងវិថីសិល្បៈអស់រយៈពេល ២០ ឆ្នាំ ។ បន្ទាប់ពីបង្ហាញប្រវត្តិនៃការតស៊ូរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួចមកបានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ខ្លាំង ពីកំពួលតារាចម្រៀង ខេមរៈ សិរីមន្ត ហើយសរសើរនូវប្រវត្តិ និងការតស៊ូរបស់លោក ដែលមានបុរសខ្លាំងលោក ខេមរៈ ភារុណ ជួយជ្រោមជ្រែងពីក្រោយខ្នងក្នុងវិស័យចម្រៀង ៕






