អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ទទួលបានការតែងតាំងជា បេសកជនពិសេស របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីសម្រេចលេខ ០៥២/០៤២៤/ពស/សរ ដែលចុះហត្ថលេខាដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
កាលដើមខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ អ្នកឧកញ៉ា ទ្រី ភាព ក៏ទើបទទួលបានការតែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ «ទេសរដ្ឋមន្ត្រី» តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤២៤/៣៣០ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
សម្រាប់តួនាទីក្នុងគណបក្សប្រជាជនកម្ពុជា អ្នកឧកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានលោក វង្សី វិស្សុត ជាប្រធាន តាមរយៈសេចក្តីសម្រេចចាត់តាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។
ឧកញ៉ា ទ្រី ភាព ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងភរិយារបស់លោក គឺលោកស្រីឧកញ៉ា គៀន ស្រីនាង។ អ្នកជំនួញពហុវិស័យរូបនេះ ទទួលបានងារ «ឧកញ៉ា» កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៤ តាមរយៈព្រះរាជក្រឹត្យចេញដោយប្រមុខរដ្ឋស្ដីទី សម្តេចធម្មពោធិសាល ជា ស៊ីម៕