លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំស្នើសុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយ នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងខេត្តសៀមរាប។
កិច្ចពិភាក្សាលើសំណើខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីក្រុមការងារអគ្គនាយកដ្ឋាន និងលោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
បន្ថែមពីនេះ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ទេព កោសល្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន ក៏បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ទៅកាន់ខេត្តសៀមរាប ដើម្បីជួបប្រជុំជាមួយលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអប្សរា តំណាងមន្ទីរសុរិយោដីខេត្តសៀមរាប និងក្រុមការងារដែលពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ដើម្បីពិភាក្សាលើករណីដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងខេត្តសៀមរាប។
តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់ពាក់ស្នែង ជាភូមិឋានថ្មីដែលរាជរដ្ឋាភិបាលបង្កើតឡើង សម្រាប់ប្រជាពលរដ្ឋដែលផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងថា តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងទីតាំងមួយ ដែលស័ក្ដិសមនឹងក្លាយជាទីក្រុងរណប នាពេលអនាគត។
សូមជម្រាបថា កាលដើមខែមេសា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការស្នើសុំបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ឬRoyal Group Kandal Special Economic Zone (RGKSEZ) ដែលលាតសន្ធឹងលើផ្ទៃដីទំហំប្រមាណ ១២០ហិកតា និងតភ្ជាប់ពី តំបន់សេដ្ឋ កិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោត ហើយក្រុមហ៊ុនបានចាប់ផ្តើមដំណើរការងារចាក់ដីបំពេញ រួចសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹងត្រូវបញ្ចប់ ដើម្បីទទួលស្វាគមន៍ភ្ញៀវវិនិយោគថ្មីក្នុងឆ្នាំ២០២៤នេះផងដែរ៕