ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ជូនសមាជិក សមាជិការបស់ FASMEC នៅខេត្តក្រចេះ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងវគ្គសិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមបើកកម្មវិធីដោយ លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ ព្រមទាំងដៃគូសហការឧបត្ថម្ភនានា មានដូចជា សមាគមមូលនិធិសម្តេចតេជោ,សហគ្រិនខ្មែរ,ធនាគារ កាណាឌីយ៉ា,ធនាគារវីង ម.ក , ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពជា ព្រមទាំងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន ១៨០នាក់ផងដែរ។

គោលបំណងនៃកម្មវិធីសិក្ខាសាលាខាងលើនេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តក្រចេះនៅមានចំណុចខ្វះខាត។

សូមជម្រាបជូនថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តផ្សេងៗ ដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មអាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ លើសពីនោះក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ។
គួរបញ្ជាក់ផងដែរថា រយៈពេល១ឆ្នាំពេញ២០២៣កន្លងទៅ FASMEC បាន រៀបចំសិក្ខាសាលា២៥រាជធានី-ខេត្ត ស្តីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ដែលមានម្ចាស់ សហគ្រាសចូលរួមប្រមាណ ៥,៣៣៧នាក់ និងស្ត្រី២,៦០០នាក់៕






