សមាគមឧកញ៉ាកម្ពុជា នឹងបើកសន្និបាតប្រចាំឆ្នាំលើកទី១ របស់ខ្លួន នៅរសៀលស្អែកនេះ

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា នឹងបើកសន្និបាតប្រចាំឆ្នាំលើកទី១ របស់ខ្លួននៅវេលាម៉ោង ២រសៀល ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីឈ្នះ-ឈ្នះ ទល់មុខស្ថានីយ៍ទូរទស្សន៍ PNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និបាតនេះ ក៏មានអមដោយកម្មវិធីពិសារអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា។ កម្មវិធីសន្និបាតនេះ នឹងចាប់ផ្តើមដោយការបើកសុន្ទរកថាស្វាគមន៍ និងបើកសន្និបាត​ដោយ​ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ា​កម្ពុជា។ បន្ទាប់មក នឹងមានរបាយការណ៍ស្តីពីសកម្មភាពសមាគមឧកញ៉ាកម្ពុជា ឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាព​ឆ្នាំ២០២៤ រួមទាំងរបាយការណ៍ពាក់ព័ន្ធផ្សេងៗទៀត។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹង​អញ្ជើញ​ចូលរួម​ថ្លែង​ចំណាប់​អារម្មណ៍​ នៅក្នុងពិធីបិទសន្និបាត នារសៀល​ថ្ងៃ​ដដែល។ បន្ទាប់មក កម្មវិធី​ពិសារអាហារសាមគ្គី​នៃមហាគ្រួសារឧកញ៉ាកម្ពុជា នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា ដោយមានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ សមាជិក សមាជិកា នៃសមាគមឧកញ៉ាកម្ពុជា ព្រមទាំងឥស្សរជន មន្ត្រីជាន់ខ្ពស់ និង​ភ្ញៀវកិត្តិយសសរុបប្រមាណ ៦០០នាក់។

គួរបញ្ជាក់​ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ ដោយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដែលពេលនោះមានសមាសភាពក្រុមប្រឹក្សាភិបាលសរុប ចំនួន ៣២រូប និងមាន អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល (ប្រធានសមាគម)។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ តាមរយៈ ព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣៕