អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសបើកសន្និបាតប្រចាំឆ្នាំ លើកទី១ របស់សមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

នារសៀល​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​​​​ថ្លែងសុន្ទរកថា​ស្វាគមន៍​ និង​ប្រកាស​បើក​សន្និបាត លើកទី១ ឆ្នាំ២០២៣ របស់សមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឧកញ៉ា ដែលជាសមាជិក សមាជិកា ចំនួន ៣០០រូប នៅ​សណ្ឋាគារ​ ហ្គាដិនស៊ីធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លី យ៉ុងផាត់ បានសម្តែងការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន អ្នកឧកញ៉ា និង​ឧកញ៉ា ដែល​បាន​អញ្ជើញ​ចូលរួមសន្និបាត​លើកទី១ របស់សមាគមឧកញ៉ាកម្ពុជា នៅរសៀល​ថ្ងៃ​សុក្រនេះ ក្រោមបរិយាកាស​ដ៏​សប្បាយ​រីករាយ និងស្និទ្ធស្នាល។

អ្នកឧកញ៉ា ប្រធានសមាគម បានថ្លែងថា តាម​​លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមឧកញ៉ាកម្ពុជា បានកំណត់ថា ការរៀបចំ​ធ្វើសន្និបាត គឺ​ត្រូវ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ ដើម្បីរាយការណ៍​ពី​សកម្មភាព​សមាគម ជូន​សមាជិកទាំងអស់ ស្តីពីលទ្ធផល​សកម្មភាព​ឆ្នាំចាស់ និងទិសដៅ​ផែនការសកម្មភាព ឆ្នាំថ្មី​របស់​សមាគម​ឧកញ៉ាកម្ពុជា។ ដោយឡែក​ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល បាន​សម្រេច​ពន្យាពេល​រហូត​ដល់​ខែមេសា​នេះ ពីព្រោះ​ថា​នេះ​ជា​ឆ្នាំដំបូង ដែលសមាគម​ត្រូវរៀបចំ​សន្និបាត ដូច្នេះ​ការ​រក​ពេល​វេលា​សមស្រប គឺជារឿង​ចំបាច់។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង​ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជី​ត្រឹមត្រូវ​នៅក្រសួងមហាផ្ទៃ និង​ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័ន​តែមួយគត់ តំណាងឱ្យ​គោរមវន្ត​ទាំងអស់​នៅកម្ពុជា និងជាដៃគូ​រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាព​ជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេស​សកម្មភាព​សង្គម និងមនុស្សធម៌ ក្នុងមហាគ្រួសារ​ឧកញ៉ាកម្ពុជា៕