លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ ផ្តើមចេញពីសមាជិកត្រឹម ៣២រូប កាលបង្កើតដំបូងនៅចុងឆ្នាំ២០២២ រហូតដល់បច្ចុប្បន្នមានសមាជិកសរុបដល់ ៣៦៥រូប និងជាពិសេសសម្រេចបានសមិទ្ធផលជាច្រើនជូនសង្គមជាតិ។

ក្នុងឱកាសអញ្ជើញក្នុងនាមជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកម្មវិធីបិទសន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះ និងសន្និបាតលើកទី១នេះ ជាបង្គោលចរសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពគួរជាទីមោទននៃការកសាង និងចងក្រងសហគមន័ឧកញ៉ា ឱ្យក្លាយជាសសរស្តម្ភសំខាន់មួយ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

“ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមសម្តែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ ដោយផ្តើមពីសមាជិកត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងជាពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិត្យានុភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការចូលរួមក្នុងការងារសង្គមនានា”។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែម។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ តំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងជាដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសសកម្មភាពសង្គម និងមនុស្សធម៌ ក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា៕
