សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុនៅពីក្រោយការទទួលធ្វើជាប្រធានកិត្ដិយស សមាគមឧកញ៉ាកម្ពុជា

ជុំវិញ​ឧកញ៉ា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្ដិយសសមាគមឧកញ៉ាកម្ពុជា បញ្ជាក់មូលហេតុដែលសម្ដេចយល់ព្រមទទួលយកតំណែងជាប្រធានកិត្ដិយសសមាគមឧកញ៉ាកម្ពុជា ដែលជាតំណែងមានការគិតទុកជាមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពចូលរួមកម្មវិធី ពិសារអាហារសាមគ្គី មហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំលើកទី១ នៅសណ្ឋាគារហ្គាឌិនស៊ីធី នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ បានបញ្ជាក់ថា តំណែងជាប្រធានកិត្ដិយសនៃសមាគមឧកញ៉ាកម្ពុជានេះ មិនមែនជាតំណែងដែលបាន មកដោយការ ចៃដន្យនោះទេ ប៉ុន្ដែជាតំណែងដែលបានមកដោយមានការគិតទុកមុន ដោយមានការជឿជាក់ទៅលើសមត្ថភាព និងការ ដឹកនាំប្រទេសរយៈពេល៤៥ឆ្នាំ កន្លងមកនេះ។

សម្ដេចតេជោ បញ្ជាក់ថា «តំណែងជាប្រធានកិត្ដិយស ខ្ញុំមិនមែនទទួលដោយការចៃដន្យនោះទេ គឺជាការគិតទុក ដោយ មាន ទស្សនទានច្បាស់លាស់តាំងពីដើម រហូតមកដល់អស់លោកអញ្ជើញខ្ញុំឱ្យធ្វើជាប្រធានកិត្ដិយស»។

ជាមួយនឹងតំណែងនេះ សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់វិស័យឯកជន ដែលមាន សមាគមឧកញ៉ាកម្ពុជាជាដើម គឺជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច ចំណែករាជរដ្ឋាភិបាល គ្រាន់តែជាសេដ្ឋវិទូ នៃការដឹកនាំផ្នែកយុទ្ធសាស្រ្ដ។ ដោយតួនាទី ជាអ្នកជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិ គឺស្ថិតនៅលើអ្នកដែលមានទុន ហើយដែលភាគច្រើន បានក្លាយខ្លួនទៅជា ឧកញ៉ា។

សម្ដេចតេជោ បានបន្ថែមថា «ខ្ញុំគួរតែត្រូវកាន់តួនាទីនេះ ដែលអ្នកទាំងអស់គ្នា ផ្ដល់ការជឿទុកចិត្ដជាច្រើនឆ្នាំមក ហើយ នោះ ដើម្បីប្រមូលផ្ដុំ នៅជាមួយអ្នកទាំងអស់គ្នា ដើម្បីឱ្យអ្នកទាំងអស់គ្នាមានការស្ងប់ចិត្ដ និងជឿជាក់បន្ថែមទៀត ហើយ ចលនាធ្វើឱ្យអ្នកទាំងអស់គ្នាទុកចិត្ដលើការវិនិយោគនៅក្នុងទឹកដីកំណើតរបស់ខ្លួន»។

សម្ដេចតេជោ បានរំលេចថា អ្នកឧកញ៉ា ឧកញ៉ា បានរៀបចំតួនាទី ភារកិច្ចអស់ហើយ រាប់ទាំងតួនាទី ភារកិច្ចជួយរាជរដ្ឋា ភិបាល តាំងពីយុទ្ធសាស្រ្ដចតុកោណ ឥឡូវនេះ ដល់យុទ្ធសាស្ដ្របញ្ចកោណ អ្នកឧកញ៉ា ឧកញ៉ា មានកិច្ចការសំខាន់ពីរ ដែលអ្នកទាំងអស់គ្នា បាននឹងកំពុងធ្វើនោះគឺ កំណើននិងការងារ។

សូមជម្រាបជូនថា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ធ្វើជាប្រធានកិត្តិយសនៃសមាគម ឧកញ៉ា កម្ពុជា កាលពីឆ្នាំ២០២៣ តាមរយៈលិខិតលេខ ៣៤៩ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣៕