លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី យល់ឃើញថា គោរមងារឧកញ៉ា ជាគោរមងារដ៏មានតម្លៃមួយ ដែលបានចាក់ឬសជ្រៅនៅក្នុងវប្បធម៌ សង្គម និងប្រវត្តិសាស្ត្រខ្មែរ ជាយូរណាស់មកហើយ។

ក្នុងឱកាសអញ្ជើញក្នុងនាមជាតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកម្មវិធីបិទសន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានមានប្រសាសន៍ថា៖ “គោរមងារឧកញ៉ា ជាគោរមងារដ៏មានតម្លៃមួយ ដែលបានចាក់ឬសជ្រៅនៅក្នុងវប្បធម៌ សង្គម និងប្រវត្តិសាស្ត្រខ្មែរ ជាយូរណាស់មកហើយ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ គោរមងារឧកញ៉ា ជាគោរមងារសំខាន់មួយ ដែលព្រះមហាក្សត្រប្រោសព្រះរាជទានជូនសម្រាប់តែកូនខ្មែរ ដែលមានគុណសម្បត្តិ គុណបំណាច់ និងមានស្នាដៃធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងមានឆន្ទៈខ្ពស់ ហ៊ានលះបង់គ្រប់យ៉ាងក្នុងការការពារផលប្រយោជន៍ និងកសាងជាតិមាតុភូមិ”។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ដូចខាងក្រោម៖
១. គោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។
២. ចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូលរួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុងនោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។
៣. ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ាក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ឧកញ៉ា។
៤. ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាង (representativeness) របស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។
៥. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។
៦. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផង នៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។
៧. សមាគមឧកញ៉ាកម្ពុជា គួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងបរិយាបន្ន។


គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០២២ និងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ តំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងជាដៃគូរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសសកម្មភាពសង្គម និងមនុស្សធម៌ ក្នុងមហាគ្រួសារឧកញ៉ាកម្ពុជា៕