អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឹ ព្រេមៀ សេនធ័រ សែនសុខ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកពិធីសម្ពោធពិព័រណ៍រថយន្ត (Auto Show) លើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលដឹព្រឺមៀរសេនធ័រ សែនសុខ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

ពិធីបើកពិព័រណ៍រថយន្តនេះ មានវត្តមានចូលរួមពី លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិលវ៉ាយភី គ្រុប ព្រមទាំងលោក-លោកស្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានបញ្ជាក់ពីភាពសំខាន់នៃការ បើកព្រឹត្តិការណ៍ពិព័រណ៍ក្នុងពេលនេះ ពោលគឺជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន តាមរយៈទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ធ្វើឱ្យមានការរីកចម្រើនពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ និងផ្តល់គុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋទូទៅ។

លោកស្រីរដ្ឋមន្រ្តី ចម និម្មល ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ ដឹព្រេមៀ សេនធ័រ សែនសុខ ដែលបានខិតខំកៀងគរដៃគូសហការ ដូចជាក្រុមហ៊ុនធំៗក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំជាលើកទី១នេះឡើង ដែលនេះមិនត្រឹមតែជាវេទិការពិព័ណ៍តាំងបង្ហាញឱ្យឃើញពីការច្នៃប្រឌិត នវានុវឌ្ឍន៍ និងភាពទំនើបនៃរថយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីភាពរីកចម្រើននៃវិស័យយានយន្តលើទីផ្សារ ដែលកំពុងមានសម្ទុះយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាក្រុមហ៊ុនចំនួន ៥ កំពុងរៀបចំរចនាសម្ព័ន្ធផលិតកម្ម ត្រៀមបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា រួមមាន៖ ក្រុមហ៊ុន HGB Motors Assembly, ក្រុមហ៊ុន EM Automotive, ក្រុមហ៊ុន GTV Motor, ក្រុមហ៊ុន TOYOTA, និងក្រុមហ៊ុន China Matrix Technology។

សូមជម្រាបថា គោលបំណងចម្បងក្នុងការរៀបចំពិព័រណ៍រថយន្តនេះឡើង គឺដើម្បីចង់ឱ្យបានក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗទាំងអស់ បានចូលរួមក្នុងការផ្សព្វផ្សាយដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងកម្មវិធីពិព័រណ៍រថយន្តនេះ, ជួយផ្តល់ភាពងាយស្រួលចំពោះក្រុមហ៊ុនក្រៅប្រទេស ឬ ក្រុមហ៊ុនក្នុងប្រទេស និងអ្នកចែកចាយរថយន្តផ្សេងៗ ដើម្បីបង្កើតទំនាក់ទំនងល្អជិតស្និតរវាងក្រុមហ៊ុនផលិត និងអតិថិជនដែលជាអ្នកប្រើប្រាស់, ដើម្បីបង្កើនការទាក់ទាញដល់អតិថិជនឱ្យងាកមកប្រើប្រាស់រថយន្តថ្មីៗ ជំនួសរថយន្តមួយទឹក, ចង់បង្ហាញពីភាពយល់ដឹងនិងការរីកចម្រើនលូតលាស់របស់ប្រជាពលរដ្ឋសម្រាប់ការជាវរថយន្តថ្មីៗ ទំនើបៗ យកមកប្រើប្រាស់ និងមានភាពយល់ដឹងច្បាស់លាស់អំពីសេវាកម្មថែទាំ ទាំងគុណភាព សុវត្ថិភាព និងតំលៃនៅលើទីផ្សារ៕




