អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នារសៀលថ្ងៃចន្ទ ទី២៩ ខែមេសានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមហ៊ុនចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាក្នុងមួយគ្រួសារចំនួន ២លានរៀល ជូនឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ប្រគល់ជូនដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា ឡេង ប្រុស សូមពាំនាំនូវការចូលរួមរំលែកទុក្ខពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ព្រមទាំងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាមួយក្រុមគ្រួសារសព ថ្នាក់ដឹកនាំទីបញ្ជាការយោធភូមិភាគទី៣ ចំពោះការបាត់បង់សមាជិកគ្រួសារ នាយទាហាន នាយទាហានរង និងពលទាហានជាទីគោរពស្រលាញ់ គួរឱ្យសោកស្តាយជាទីបំផុត។
អ្នកឧកញ៉ាថ្លែងថា «នេះគឺជាការបាត់បង់នាយទាហាន នាយទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាពសង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។
ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានអញ្ជើញមកចូលរួមរំលែកមរណទុក្ខដោយផ្ទាល់ និងបានចូលរួមឧបត្ថម្ភថវិកាជូនដល់ក្រុមគ្រួសារនាយទាហាន នាយទាហានរង និងពលទាហានឆ្នើមទាំង ២០រូប របស់ទីបញ្ជាការយោធភូមិភាគទី៣។
ជាចុងក្រោយឧត្តមសេនីយ៍ឯក យឿង សុខុន សូមប្រសិទ្ធិពរជ័យជូនអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងបុគ្គលិកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ទាំងអស់ សូមជួបនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំអាក់ខានឡើយ៕







