នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន។
ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ រូសវូត ភ្នំពេញ (Rosewood Phnom Penh) ក្នុងអគារវឌ្ឍនៈ របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ។
ព្រះមហាក្សត្រប្រុយណេ បានយាងមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អានជាប្អូនធម៌ជាយូរមកហើយ និងមិនមែនជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹងថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការរាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុត។ សម្តេចឱ្យដឹងទៀតថា ក្នុងនោះ ព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។
សណ្ឋាគារលំដាប់ផ្កាយ៥ Rosewood Phnom Penh ដែលកាន់កាប់ ១៤ជាន់កំពូល នៃអគារវឌ្ឍន: (Vattanac Capital Tower) របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាសណ្ឋាគារមួយ ដែលគេទទួលស្គាល់ថា ជាសណ្ឋាគារដ៏ប្រណិតបំផុតមួយនៅប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងត្រូវបានគេទទួលស្គាល់ជាសណ្ឋាគារដ៏ល្អបំផុតមួយ ពីទស្សនាវដ្តី និងស្ថាប័នល្បីៗកម្រិតពិភពលោក។ ជាក់ស្តែង នៅឆ្នាំ២០២២នេះ សណ្ឋាគារមួយនេះ បានឈ្នះពានរង្វាន់ចំនួន៤ គឺ ១)សណ្ឋាគារលំដាប់កំពូលទាំង១០ នៅអាស៊ីអាគ្នេយ៍ (ទស្សនាវដ្តីអាមេរិក Condé Nast Traveler), ២)ភោជនីយដ្ឋានល្អបំផុតលំដាប់លេខ១នៅកម្ពុជា (ទស្សនាវដ្តីអាមេរិក TRAVEL + LEISURE), ៣)សណ្ឋាគារល្អបំផុតនៅក្នុងទីក្រុងលំដាប់លេខ២នៅកម្ពុជា (ទស្សនាវដ្តីអាមេរិក TRAVEL + LEISURE) និង ៤)សណ្ឋាគារជាទីពេញចិត្តរបស់អ្នកចាត់ការទូទៅ ចំណាត់ថ្នាក់លេខ១នៅកម្ពុជា (ទស្សនាវដ្តីអាមេរិក TRAVEL + LEISURE) ផងដែរ៕