អ្នកឧកញ៉ា សុខ គង់ ចូលក្រាបថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ពិភាក្សាត្រៀមធ្វើបុណ្យមហាផ្កាប្រាក់សាមគ្គី នៅចុងខែមិថុនា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល បានចូលក្រាបថ្វាយបង្គំ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរ​សភាពុទ្ធសាសនា នៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីពិបុណ្យមហាផ្កាប្រាក់សាមគ្គី កសាងព្រះពុទ្ធ​ប្បដិមា​កម្ពស់១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូច ៨៤,០០០ អង្គនៅលើខ្នងភ្នំបូកគោ ដែលនឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាម​ទំព័រហ្វេសប៊ុក ព្រះពុទ្ធប្បដិមា​កម្ពស់​១០៨​ម៉ែត្រ​លើភ្នំបូកគោ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះមេគណ​រាជធានី ខេត្ត និងព្រះ​មន្រ្តីសង្ឃគ្រប់ឋានានុក្រម រួមជាមួយ អ្នកឧកញ៉ា សុខ គង់ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនិងក្រៅ​ប្រទេស ក៏​បានមូលមតិគ្នា​ជា​ឯកច្ឆ័នផ្តើមធ្វើបុណ្យផ្ការស្មីសាមគ្គីជាតិដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ខេត្តកំពត រយៈពេល ៣ថ្ងៃ រួចម្តងហើយ​ផងដែរ។

គម្រោង សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា សុខ គង់ ដែល​មានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងការកសាងព្រះពុទ្ធប្បដិមាដ៏ធំ និងខ្ពស់ជាងគេនៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ ហើយក៏នឹងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។ គម្រោងសាងសង់ព្រះពុទ្ធប្បដិមា​នេះ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះ នឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិ​តជំនាន់ សម្រាប់ជាទីសក្ការ:ដ៏ឧដុង្គឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរតក​ដល់កូនចៅជំនាន់​ក្រោយ។

តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន សុខា អូតែល ​​បាន​ឱ្យ​ដឹង​ថា នៅក្នុងគម្រោងទាំងមូល​ គឺ​មានផ្ទៃដីសរុបរហូតដល់ទៅ ៩១,៧​ហិកតា​ ហើយ​​នឹងមានគម្រោងបង្កើតនូវឧទ្យានផ្សេងៗ​ជាច្រើន ដែលក្នុងឧទ្យាននីមួយៗ​សុទ្ធសឹងតែមានដំណែល​រឿង​ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពុទ្ធប្រវត្តិ។ បន្ថែមពីនេះ នៅលើផ្ទៃដីដ៏ធំ​ ក្រៅពីទេសភាពដែលអំណោយផល​ពីធម្មជាតិនៃឧទ្យានជាតិមុនីវង្យបូកគោ ​ក៏​នឹងមានការដាំ​រុក្ខជាតិ​បន្ថែមជាច្រើនទៀត ដើម្បីបង្កើនសោភ័ណភាព ​និងភាពទាក់ទាញកាន់តែខ្លាំង​ផងដែរ។

គម្រោង​សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ​​ នៅលើខ្នងភ្នំ​បូកគោ​ ស្ថិតនៅក្នុងឧទ្យានជាតិ​ព្រះមនុវង្ស «បូកគោ» ​ខេត្តកំពត ​ត្រូវ​បាន​បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ លោក​ ជា សុផារ៉ា កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹង​ចំណាយរយៈពេល​សាងសង់​​ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លានដុល្លារ ទៅ៤០​លាន​ដុល្លារ​អាមេរិក៕