ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករ ចូលទស្សនកិច្ច រឹតចំណងសាមគ្គីភាពបន្ថែមទៀតជាមួយក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជា ក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការចូលរួមទស្សនកិច្ចរឹតចំណងសាមគ្គីភាពនេះ មានការអញ្ជើញចូលរួម និងសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដឹកនាំដោយ លោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងលោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ដថា គោលបំណងនៃការទស្សនកិច្ចនេះ គឺដើម្បីពង្រីកសក្តានុពលនៃការនាំចេញ បន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី ជាប្រទេសធំទី៣ ដែលកម្ពុជាបាននាំចេញប្រចាំឆ្នាំ មានបរិមាណ ប្រមាណជាជាង ៥ម៉ឺនតោន ដែលអង្ករទាំងនោះគី ៩៥%ជាអង្ករក្រអូប (អង្ករផ្ការំដួល និង សែនក្រអូប)។ ក្នុងទស្សនកិច្ច ដ៏មានសារៈសំខាន់នេះ ប្រទេសម៉ាឡេស៊ីបានលើកឡើង និងកោតសរសើរអំពីគុណភាពអង្ករកម្ពុជា ដែលប្រជាជនប្រទេស ម៉ាឡេស៊ីចាប់ផ្តើមពេញនិយម និងកំពុងប្រើប្រាស់មានកំណើនជាមធ្យមជាង ១០% ប្រចាំឆ្នាំ។ ជាក់ស្តែងឆ្នាំ២០២៣ ធ្វើការនាំចូលប្រមាណជា ៥១ ១៨៤ តោន ដែលគិតជាទឹកប្រាក់មានចំនួន ជាង ៣៦ លានដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនោះ ប្រទេសកម្ពុជាជាប្រទេសធំទី៥ ដែលប្រទេសម៉ាឡេស៊ីបាននាំចូលក្នុងចំណោមប្រទេសទាំង១២។ សម្រាប់ ប្រទេសកម្ពុជា អង្ករពូជស្រូវផ្ការំដូល និងសែនក្រអូបគឺ ជាអង្ករដែលល្អសម្រាប់ទីផ្សារប្រទេសនេះ ហើយភាគីប្រទេស ម៉ាឡេស៊ី សូមសំណូមពរឱ្យប្រទេសកម្ពុជាផលិតអង្ករប្រភេទនេះ ឱ្យបានកាន់តែច្រើនថែមទៀត ហើយភាគីប្រទេស ម៉ាឡេស៊ី សន្យានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីន ស្រូវនៅកម្ពុជា បន្ថែមទៀត នាពេលដ៏ខ្លីខាងមុខ ជាពិសេសនៅក្នុងខែកញ្ញា ជារដូវប្រមូលផលស្រូវមិនប្រកាន់ដូវវគ្គទី២ ផងដែរ៕


