ក្នុងរយៈពេល៥ថ្ងៃនៃបុណ្យឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានភ្ញៀវជាតិនឹងអន្តរជាតិ បានទៅទស្សនានៅតំបន់អភិវឌ្ឍស្កាយលែន របស់លោកឧកញ៉ា ស្រី ចាន់ថន រហូតជាង៧ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពី លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតគ្រុប និងជាស្ថាបនិករមណីយដ្ឋានស្កាយលែន ថ្លែងមកកាន់គេហទំព័រ Oknha news នាព្រឹកនេះ។

លោកឧកញ៉ាវ័យក្មេងចិត្តធម៌រូបនេះ បានបញ្ជាក់ថា ភ្ញៀវដែលបានអញ្ជើញមកទស្សនា រមណីយដ្ឋានស្កាយលែន ត្រូវបានចែកចេញជា២ប្រភេទ មានភ្ញៀវមកចូលទស្សនាកន្លែងខាងក្រៅដោយមិនគិតថ្លៃ នឹងកន្លែងទិញសំបុត្រ ហើយក្នុងចំណោមជាង៧ម៉ឺននាក់ដែលមកទស្សនានោះ មានអ្នកដែលចូលទស្សនាកន្លែងទិញសំបុត្រប្រហែល៥០%។

លោក ឧកញ៉ា ស្រី ចាន់ថន បានបន្តឲ្យដឹងថា រមណីយដ្ឋានស្កាយលែន អាចទទួលភ្ញៀវមកទស្សនា ប្រហែល៤ម៉ឺននាក់ជាង។ ក្នុងរយៈពេល៥ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅសួនកម្សាន្ត ស្កាយលែន ជេត (Skyland Resort ) Jet’s Garden Park វិហារសួគ៍ ដែលជារមណីយដ្ឋាន ជិតរាជធានីភ្នំពេញមួយនេះ ហើយថែមមានកម្មវិធីសប្បាយៗជាច្រើនបែបវប្បធម៌ ប្រពៃណី ការប្រណាំងទូក ចំរុះ ផ្សារទឹក អ៊ុំទូកលេង ជិះទូកឫស្សី ជិះទារ ជិះម៉ូតូទឹក រួមកម្មវិធី ស្លៀកសម្លៀកបំពាក់ បុរាណ អកអំបុក បណ្តែតប្រទីប បង្ហោះគោម តន្រ្តីសម័យ ការតាំងបង្ហាញ ផលិតផល ភូមិមួយ ផលិតផលមួយ ការសម្រាកបោះតង់ និងទស្សនា ភូមិដាយណូសឺ សួនសត្វ សួនផ្កា សួនបេះដូង អាងហែលទឹក ពពុះសាប៊ូ កញ្ចុះអង្គុយលេង ជាដើម។

កាលពីថ្ងៃ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះអង្គម្ចាស់នរោត្តម ថានុរា ឯកអគ្គរាជទូត អមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ និងជាទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតគ្រុប និងជាស្ថាបនិករមណីយដ្ឋានស្កាយលែន ក៏បាន យាងនិងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកខ្នាតតូចដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ។

តំបន់អភិវឌ្ឍស្កាយលែន ជារមណីយដ្ឋានមួយ ដែលនៅជិតរាជធានីភ្នំពេញបំផុត ស្ថិតនៅឃុំ វិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្ដាល ពោលគឺមានចម្ងាយ ១៥ គីឡូម៉ែត្រ ប៉ុណ្ណោះពីរាជធានីភ្នំពេញ៕


















