អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ចូលជួបសម្តែងការគួរសមចំពោះព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ ក្នុងព្រះរាជពិធីសោយព្រះក្រយាព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកូនប្រុសទាំង៣។

បើតាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ អាប់ឌុល ម៉ាទីន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានយាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីសោយព្រះក្រយាព្រឹក ធ្វើឡើងនៅសណ្ឋាគាររ៉ូសរូដ ភ្នំពេញ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ ស្ថិតក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក្រោមការគ្រប់គ្រង់ដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ក្រុមគ្រួសារអ្នកឧកញ៉ា ពិតជាមានមោទកភាពប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យជ្រើសរើសយកសណ្ឋាគាររ៉ូសរូដ ភ្នំពេញ ធ្វើជាកន្លែងគង់ប្រថាប់ និងព្រះរាជពិធីសោយព្រះក្រយា។
សណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូសរូដ ភ្នំពេញ (Rosewood Phnom Penh) ដែលស្ថិតនៅចាប់ពីជាន់ទី១៤ នៃអគារវឌ្ឍន: (Vattanac Capital Tower) របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ គឺជាសណ្ឋាគារមួយ ដែលគេទទួលស្គាល់ថា ជាសណ្ឋាគារដ៏ប្រណិតបំផុតមួយនៅប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងត្រូវបានគេទទួលស្គាល់ជាសណ្ឋាគារដ៏ល្អបំផុតមួយ ពីទស្សនាវដ្តី និងស្ថាប័នល្បីៗកម្រិតពិភពលោក៕

