ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ដល់គោរមងារ ឧកញ៉ា លី សុភ័ក្ត អនុប្រធាននាយកប្រតិបត្តិនៃ ក្រុមហ៊ុន លី ហួរ គ្រុប ជា «អ្នកឧកញ៉ា»។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុមហ៊ុន លី ហ៊ួរ គ្រុប នៅព្រលប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ។
ឧកញ៉ា លី សុភ័ក្ត ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី និងជាសមាជិកទ្រទ្រង់នៃសមាគមឧកញ៉ាកម្ពុជា ត្រូវជាកូនប្រុសរបស់ លោកអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហ៊ួរ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវឧកញ៉ា ស៊ាង លីម។
អ្នកឧកញ៉ា លី ហួរ ដែលជាឪពុករបស់ឧកញ៉ា លី សុភ័ក្ត ក៏ទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «លោកអ្នកឧកញ៉ា» ដែលជាគោរមងារខ្ពស់បំផុតលំដាប់ទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ និងត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស សមាគមឧកញ៉ាកម្ពុជា ផ្តល់កិត្តិយសប្រគល់ព្រះរាជក្រឹត្យដោយផ្ទាល់ដៃ កាលពីល្ងាចថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារ ហ្គាឌិនសុីធី។
ឧកញ៉ា លី សុភ័ក្ត ជាកូនច្បងរបស់លោកអ្នកឧកញ៉ា លី ហួរ កើតនៅឆ្នាំ១៩៧៨ ក្នុងខេត្តកំពង់ចាម។ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១១។ លោកឧកញ៉ា ជាធុរជនខ្មែរមានភាពស្វាហាប់ និងប្រជាប្រិយមួយរូប ព្រមទាំងមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការគ្រប់គ្រងអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា លី សុភ័ក្ត បានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមានវិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម៕