ក្រុមហ៊ុន HGB Group របស់ឧកញ៉ា ង៉ូវ លាងហួត ប្រកាសបញ្ចប់ទទួលសិទ្ធិនាំចូលចែកចាយរថយន្ត Jeep និង Ram

ជុំវិញ​ឧកញ៉ា

កាលពី​ព្រលប់​ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ​​ក្រុមហ៊ុន HGB Group ដែល​​មាន​​លោក​ឧកញ៉ា ង៉ូវ លាងហួត ជា​ម្ចាស់ក្រុមហ៊ុន ​​បាន​​​ចេញ​​សេចក្តី​ជូន​ដំណឹង​ប្រកាសបញ្ចប់​ទទួលសិទ្ធិនាំចូលចែកចាយ​និងដាក់លក់​ជាផ្លូវការ​នូវ​គ្រប់ប្រភេទ​រថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០២៤​ នេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹង បានបញ្ជាក់​យ៉ាងដូច្នេះ​ថា៖ “ក្រុមហ៊ុន HGB GROUP Co., Ltd សូមជម្រាបជូន​អតិថិជន​ទាំងអស់ ឱ្យបាន​ជ្រាបថា ក្រុមហ៊ុន​យើងខ្ញុំ​នឹង​បញ្ចប់​ដំណើរការ​ទទួលសិទ្ធិ​ក្នុងការនាំចូល​ចែកចាយ និង​ដាក់​លក់​ជាផ្លូវការ​ នូវ​គ្រប់​ប្រភេទ​រថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់ ចំពោះការគាំទ្រ​ដល់​ក្រុមហ៊ុន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក។ យើងខ្ញុំ​សង្ឃឹម​ថា អតិថិជន​ទាំងអស់​នឹង​បន្ត​ប្រើប្រាស់​រថយន្ត Jeep និង Ram របស់​អ្នក​ដោយ​ភាព​រីករាយ”។

យ៉ាងណាក្តី ទាក់ទងនឹងការបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយនិងដាក់លក់ជាផ្លូវការ នូវគ្រប់ប្រភេទ​រថយន្ត Jeep និង Ram ប្រចាំព្រះរាជាណាចក្រកម្ពុជា​​ខាង​លើ​នេះ គឺខាងក្រុមហ៊ុនពុំបាន​បញ្ជាក់អំពីមូលហេតុជុំវិញ​ការបញ្ចប់នេះឱ្យដឹង​នោះទេ។

រថយន្ត Jeep និង Ram ដែលមានជាប្រភេទរថយន្ត SUV និង Pick Up គឺជារថយន្ត​ត្រកូលអធិរាជ Off-Road និងសុវត្ថិភាពខ្ពស់ ដែលផលិតនៅ​ប្រទេសមហាអំណាច​​សហរដ្ឋ​អាមេរិក។ Jeep និង Ram ត្រូវបានក្រុមហ៊ុន HGB Group នាំចូលលក់ផ្តាច់មុខនៅកម្ពុជា ក្នុងអំឡុងឆ្នាំ២០២០។ Jeep ម៉ូដែលស៊េរីថ្មី មាន​លក្ខណៈពិសេស​ចុងក្រោយ​ដែលរថយន្តដទៃមិនមាន គឺអាចដោះដំបូល ទ្វារ និង ផ្ទៃកញ្ចក់ខាងមុខ​បាន​យ៉ាងងាយស្រួល ផ្តល់ជូននូវបរិយាកាស​បែបធម្មជាតិ។

សូមជម្រាបថា ក្រុមហ៊ុន HGB Group របស់​​​លោក​ឧកញ៉ា ង៉ូវ លាងហួត កំពុង​នាំ​ចូល​រថយន្ត​ម៉ាក​ល្បីៗ​ ប្រណីតៗ និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក​ ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា។ រថយន្ត​ប្រណីតៗ​ដែល​ក្រុមហ៊ុន​ HGB Group នាំចូល និង​លក់​​ចែក​ចាយ​នៅ​កម្ពុជា មាន​ដូច​ជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង​ Mazda ផងដែរ៕