ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃ KW Cambodia ទូទាំងប្រទេស នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង ព្រមទាំងមានក្តីមោទនៈយ៉ាងក្រៃលែង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ហើយបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបន្តជំរុញយ៉ាងក្លៀវក្លា និងមោះមុតអនុវត្តឱ្យបានសម្រេច នាពេលខាងមុខ។
ក្នុងនាមជាវិស័យឯកជន ដែលមានប្រភពមកពីអាមេរិក ហើយកំពុងធ្វើអាជីវកម្មនៅកម្ពុជា យើងខ្ញុំបានយល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដែលមានវិសាលភាពធំធេង និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសជាតិរបស់យើង ជាពិសេសក្នុងវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្ន ក៏ដូចជាបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសកម្ពុជា និងការវិនិយោគផ្សេងៗ ដែលនឹងជំរុញឱ្យសេដ្ឋកិច្ចមានការរីកចម្រើន សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋរាប់លាននាក់ នៅទូទាំងប្រទេស។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ទាំងអស់ សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។