លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ក្នុងពិធីបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ដែលរៀបចំដោយគណៈកម្មការដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកឧកញ៉ា ហេង ឡុង ស្វាមីរបស់លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបច្ចុប្បន្ន បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី០២ ខែឧសភានេះ យ៉ាងដូច្នេះថា៖ “អបអរសាទរលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦”។
តាមការបង្ហាញរបស់លោកឧកញ៉ា ហេង ឡុង ខាងលើ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ ៥២៧រូប ចំនួន ៩៣%, លោក ផាត់ ដារ៉ារដ្ឋ ទទួលបានសំឡេងឆ្នោត ២៩ ចំនួន ៥% និងលោក គួច ខេវិន ទទួលបានសំឡេងឆ្នោត ១១ ចំនួន ២%។



សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិ៕