ឧកញ៉ាមហាមន្រ្តី គុយ សុផល នាំយកព្រះរាជអំណោយចែកជូនក្រុមគ្រួសារសពយោធិនទាំង២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅខេត្ដកំពង់ស្ពឺ

ជុំវិញ​ឧកញ៉ា


ឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បាននាំយកព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឧបត្ថម្ភដល់គ្រួសារសពចំនួន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងតំណាងក្រុមគ្រួសារនៃសព សូមក្រាបថ្វាយបង្គំ និងអរព្រះគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្ទព្រះរាជហឫទ័យប្រោសប្រទានព្រះរាជអំណោយជូនដល់កូនចៅ ក្រុមគ្រួសារសព និងសូមសម្ដែងនូវការគោរពថ្លែងអំណរគុណ ថ្នាក់ដឹកនាំ និងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា ជូនដល់គ្រួសារយោធិនពលីទាំង ២០រូប។

សូមជម្រាបជូនថា កាលពីថ្ងៃទីទី២៧ ខែមេសា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ បានធ្វើឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត។ នៅថ្ងៃទី១ ខែឧសភា ម្សិលមិញនេះ ក្រសួងការពារជាតិបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ករណីផ្ទុះគ្រាប់នេះជា បញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ៕