អ្នកឧកញ៉ា សៀ ឫទ្ធី អញ្ជើញទទួលស្វាគមន៍ជើងហោះហើររបស់ក្រុមហ៊ុនយក្ស Emirates Airline មកកាន់កម្ពុជាសាជាថ្មី

ជុំវិញ​ឧកញ៉ា

កាលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ គេឃើញវត្តមានអ្នកជំនួញល្បីឈ្មោះនៅកម្ពុជា គឺ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វើលប៊្រីដ គ្រុប បានអញ្ជើញទៅទទួលស្វាគមន៍ជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍​ Emirates Airlines រវាងរាជធានីឌូបៃ និងរាជធានីភ្នំពេញ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍​ Emirates Airlines មកកាន់ប្រទេសកម្ពុជាសារជាថ្មីនេះ ក្រៅពីឃើញវត្តមានអ្នកឧកញ៉ា សៀ ឬទ្ធី ក៏មានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដូចជា៖ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ និងលោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។

នាឱកាសនោះ ក្រោយពីបានឃើញការទទួលស្វាគមន៍យ៉ាងកក់ក្តៅនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Emirates Airlines និងអ្នកដំណើរ បានបង្ហាញចិត្តរំភើបប្រកបដោយក្តីរីករាយ ដោយទទួលបានភាពកក់ក្តៅ ចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជា។

ជុំវិញការបើកជើងហោះហើររបស់ក្រុមហ៊ុនយក្ស Emirates Airline មកកាន់កម្ពុជាសាជាថ្មីនេះដែរ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានប្រកាសថា កម្ពុជា រីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា។ជាមួយគ្នានេះ សម្តេចធិបតី ក៏សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញនាពេលនេះផងដែរ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា៖«កម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F ដើម្បីត្រៀមលក្ខណៈ និងពង្រីកនូវសមត្ថភាពទទួលនូវជើងហោះហើរកាន់តែច្រើនថែមទៀត ជាមួយនឹងគោលដៅពង្រីកសមត្ថភាពទទួលអ្នកដំណើរឱ្យបាន ១៣លាននាក់ក្នុងមួយឆ្នាំ ក្រោយសាងសង់ដំណាក់កាលទី១ (២០២០-២០៣០) រួចរាល់ជាស្ថាពរ»។

ជាថ្មីម្តងទៀត សម្តេចធិបតី បានបន្ថែមថា ចំពោះការមកកាន់ប្រទេសកម្ពុជាសាជាថ្មីរបស់ក្រុមហ៊ុនខាងលើ ក៏សូមរីករាយក្នុងការធ្វើដំណើរមកកាន់កម្ពុជា ក៏ដូចជាឈ្វេងយល់ពីសក្តានុពលនានាដែលមាននៅកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានត្រឡប់មកទីក្រុងភ្នំពេញវិញជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១​ ទីតាំងហើយសិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ៕ អត្ថបទ៖ រង្សី