អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការអបអរសាទរដល់ ភរិយារបស់ខ្លួនគឺ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ឆ្នាំ២០២៤-២០២៩ ហើយអ្នកឧកញ៉ា បានប្រកាសអំពីការប្តេជ្ញាចិត្ត និងជួយគាំទ្រពេញទំហឹងដើម្បីជួយឱ្យសមាគមសិល្បករខ្មែរកាន់តែរីកចម្រើន។

អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា៖ “អបអរសាទរភរិយារបស់ខ្ញុំដែលបានជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៦ ឆ្នាំ២០២៤-២០២៩។ ខ្ញុំពិតជាមានមោទនភាពក្រៃលែង។ ថ្ងៃនេះជាពេលវេលាដ៏មានន័យ និងចងចាំសម្រាប់គ្រួសារយើង ដោយសារភរិយារបស់ខ្ញុំ ម៉ៅ ចំណាន ឈានជើងចូលកាន់តួនាទីដ៏មានតម្លៃ ជាប្រធានសមាគមសិល្បករខ្មែរ។ បេះដូងរបស់ខ្ញុំលោតញាប់ជាមួយមោទនភាព និងការដឹងគុណជាខ្លាំងចំពោះការគាំទ្រឥតងាករេ និងសន្លឹកឆ្នោតដែលយើងទទួលបានពីគ្រប់ទិសទីក្នុងការធ្វើដំណើររួមគ្នានេះ”។


ជាមួយគ្នានេះ អ្នកឧកញ៉ា បានបន្ថែមទៀតថា ដោយមានការគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកឧកញ៉ានឹងជួយភរិយា ដោយស្មោះអស់ពីចិត្ត ព្រមទាំងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រឥតងាករេ ដើម្បីភរិយារបស់ខ្លួន ជាប្រធានសមាគមសិល្បករខ្មែរ។ អ្នកឧកញ៉ា បន្តថា យើងរួមគ្នាជាដៃគូ និងជាគ្រួសារមួយ។ អ្នកឧកញ៉ាមិនត្រឹមតែប្តេជ្ញាចិត្តក្នុងការដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបន្ថែម និងលើកស្ទួយសមាគមសិល្បករខ្មែរដោយក្តីមេត្តា ដោយការលះបង់កម្លាំងកាយចិត្ត និងប្រកបដោយបរិយាបន្ន។ អ្នកឧកញ៉ាមានមោទនភាពយ៉ាងខ្លាំងដែលអ្នកឧកញ៉ានិងភរិយាទទួលបានឱកាសបំពេញការងារមានប្រយោជន៍ និងតំណាងឱ្យសិល្បករកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ដូច្នេះថា៖ “ជាមួយនឹងសុទិដ្ឋិនិយម និងការតាំងចិត្តគ្មានដែនកំណត់ យើងចាប់ផ្តើមធ្វើដំណើរលើវិស័យនេះ ដោយដឹងថាយើងរួមគ្នា យើងអាចបង្កើតអនាគតដ៏ត្រចះត្រចង់ និងរស់រវើកសម្រាប់សិល្បករខ្មែរនៅកម្ពុជា។ ជាថ្មីម្តងទៀត សូមចូលរួមអបអរសាទរអូន ចំណាន ចំពោះស្នាដៃដ៏អស្ចារ្យ ហើយខ្ញុំទន្ទឹងរង់ចាំលទ្ធផលដ៏ល្អប្រពៃ ដែលគាត់នឹងសម្រេចបានក្នុងការដឹកនាំសមាគមសិល្បករខ្មែរ ឱ្យទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមក”។
សូមជម្រាបថា អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានសិល្បករ-សិល្បការិនីខ្មែរជាច្រើននាក់ ជឿទុកចិត្ដនិងបោះឆ្នោតជូនក្នុងសំឡេងគាំទ្រ ៥២៧សំឡេង ស្មើនឹង ៩៣% ជាប់ជាប្រធានសមាគមសិល្បករខ្មែរ អាណត្ដិទី៦ ដែលនឹងដឹកនាំសមាគម ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៩៕




