រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ របស់លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ខនស៍ និងអ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន សម្រេចការសាងសង់បានប្រមាណ ៨៥%ហើយ និងគ្រោងបើកឱ្យដំណើរការជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈវីដេអូឃ្លីបរបស់សមាគមឧកញ៉ាកម្ពុជា បានបង្ហាញឱ្យដឹងថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា វិញ ហ៊ួរ សហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានចុះសួរសុខទុក្ខបុគ្គលិកក៏ដូចជាក្រុមការងារដែលកំពុងបំពេញការងារសាងសង់គម្រោងរោងចក្រស៊ីម៉ង់ត៍ខនទី២ ដើម្បីជាការលើកទឹកចិត្ត និងត្រួតពិនិត្យលើដំណើរការសាងសង់រោងចក្រដោយផ្ទាល់ផងដែរ។

អ្នកឧកញ៉ា វិញ ហ៊ួរ បានបញ្ជាក់ឱ្យដឹងថា គម្រោងរោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ ដែលមានទីតាំងស្ថិតនៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺស្ថិតលើផ្ទៃដី ៤០៧ហិកតា ជាមួយនឹងទុនវិនិយោគសរុបប្រមាណជា ២៥៣លានដុល្លារអាម៉េរិក ដែលជាការវិនិយោគរួមគ្នារវាងភាគីកម្ពុជានិងភាគីចិន ដែលមានសមត្ថភាពអាចផលិតបានស៊ីម៉ង់ត៍ចំនួន ៥ពាន់តោនក្នុងមួយថ្ងៃ និង២លានតោនក្នុងមួយឆ្នាំ។

គម្រោងនេះបានចាប់ផ្តើមសាងសង់នាអំឡុងខែសីហា ឆ្នាំ២០១៨ ហើយគិតមកទល់ពេលនេះសម្រេចបាន ៨៥%ហើយ។ បើតាមការគ្រោងទុក និងបើគ្មានអ្វីប្រែប្រួលទេគម្រោងនេះនឹងបញ្ចប់ការសាងសង់ ហើយឈានទៅចាប់ផ្តើមផលិតស៊ីម៉ង់ត៍ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ខនស៍ បានបង្ហាញពីមោទនភាពដែលសហគ្រាសស៊ីម៉ង់ត៍ខនស៍ បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យកាន់តែប្រសើរវិស័យសេដ្ឋកិច្ច តាមរយៈការបង់ពន្ធជូនរដ្ឋ ការផ្តល់ជូនការងារដល់យុវជនកម្ពុជាជាដើម។ ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់។


សូមទស្សនាវីដេអូលម្អិតខាងក្រោម៖