ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូប បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វហេតុកិច្ចការជំនួយមនុស្សធម៌។
ក្នុងចំណោមការចូលរួមបរិច្ចាគជាច្រើននេះ ក្នុងនោះមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មួយចំនួនបានចូលរួមបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលថ្ងៃនេះ ឧកញ៉ាញូស៍ សូមបង្ហាញជូនការបរិច្ចាគនូវទឹកប្រាក់ចាប់ពី ១៥ម៉ឺនដុល្លារឡើង ដូចខាងក្រោម៖
១. អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន ៖ ៩៩៩,៩៩៩ ដុល្លារ
២. លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង៖ ៨៣០,០០០ ដុល្លារ
៣. អ្នកឧកញ៉ា ហុង ពីវ ៖ ៥០៩,៩៩៩ ដុល្លារ
៤. លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ៖ ៥០០,០០០ ដុល្លារ
៥. អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ៖ ៣០០,០០០ ដុល្លារ
៦. លោកអ្នកឧកញ៉ា ពុង ឃាវសែ ៖ ២០០,០០០ ដុល្លារ
៧. អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង ៖ ១៥០,០០០ ដុល្លារ
សូមជម្រាបថា ថវិកាដែលទទួលបានពីសប្បុរសជន កាកបាទក្រហមកម្ពុជានឹងប្រើប្រាស់ក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដោយអនុវត្តកម្មវិធីនានា ដើម្បីបង្កើនភាពធន់របស់សហគមន៍ និងកាត់បន្ថយការលំបាក់របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត រួមមានដូចជា៖ មនុស្សចាស់ជរា ជនពិការ អ្នកគ្មានផ្ទះសម្បែង ស្ត្រីមេម៉ាយ កុមារកំព្រា និងគ្រួសារដែលកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាកផ្សេងៗ។ ដោយត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ១៩៦០ ហើយត្រូវបានបញ្ចូលជាសមាជិកសហព័ន្ធអន្តរជាតិនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម៕