ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា (Royal Railway Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងត្រៀមខ្លួនដាក់ដំណើរការរថភ្លើងល្បឿនលឿន ដែលទើបទិញពីប្រទេសជប៉ុន ម៉ាក Kiha 183 Heavy Snow ទាំង២ខ្សែ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ក្នុងពេលឆាប់ៗនេះ។

បើតាមការបង្ហាញឱ្យដឹងពី ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា កាលដើមខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងកែសម្រួល និងកែលម្អបន្ថែមនូវរថភ្លើង Kiha 182 Heavy Snow ផ្នែកខាងក្នុងដែលជាប្រភេទ First Class Train។ ក្រុមហ៊ុន បានឱ្យដឹងទៀតថា រថភ្លើងល្បឿនលឿននេះ នឹងដាក់ដំណើរការឆាប់ៗ លើផ្លូវដែកទាំងពីរខ្សែគឺ៖
១.ខ្សែអ្នកដំណើរភាគខាងជើង៖ ភ្នំពេញ-ពោធ៍សាត់, ភ្នំពេញ-មោងឬស្សី, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-សិរីសោភ័ណ និងភ្នំពេញ-ប៉ោយប៉ែត។
២.ខ្សែអ្នកដំណើរភាគខាងត្បូង៖ ភ្នំពេញ-តាកែវ, ភ្នំពេញ-កំពង់ត្រាច, ភ្នំពេញ-កែប, ភ្នំពេញ-កំពត, ភ្នំពេញ-វាលរេញ និងភ្នំពេញ-ក្រុងព្រះសីហនុ។
សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ខេមបូឌា បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដោយបានដឹកតាមកប៉ាល់ពីតំបន់ហុកកៃដូ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ និងបានមកដល់កំពង់ផែក្រុងព្រះសីហនុ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ រថភ្លើងដឹកអ្នកដំណើរម៉ាក Kiha 182 Heavy Snow ត្រូវបានគេដឹងថា អាចរត់បានល្បឿនដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង៕







