អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានប្រកាសដាក់ចេញផែនការប្រែក្លាយតំបន់ឆ្នេរសមុទ្រក្រុងខេមរភូមិន្ទ ហៅថា «ឆ្នេរកោះស្នេហ៍» ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយអភិវឌ្ឍឱ្យទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយ ក្នុងពេលឆាប់ៗខាងមុខ។

ផែនការស្នើសុំអភិវឌ្ឍន៍ខាងលើនេះ ត្រូវបានអ្នកឧកញ៉ា សួរ វីរៈ លើកសំណើឡើងក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ ទទឹមនឹងនេះ រដ្ឋបាលខេត្តកោះកុង ក៏បានប្រកាសគាំទ្រលើសំណើសុំសិទ្ធិវិនិយោគ និងអភិវឌ្ឍក្នុងតំបន់ឆ្នេរសមុទ្រ (ឆ្នេរកោះស្នេហ៍) នេះផងដែរ។
តាមរយៈគម្រោងស្នើសុំវិនិយោគតំបន់ឆ្នេរសមុទ្រនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញពីទស្សនៈប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។

លោក អ៊ុក ភក្រ្តា អភិបាលរងខេត្តកោះកុង បានគាំទ្រលើគម្រោងវិនិយោគអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទនេះ ព្រោះកន្លងមកក្រុងខេមរភូមិន្ទ មានតែឆ្នេរសមុទ្រមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំបានល្អប្រសើនោះដែរ ។ លោកបានបន្ថែមថា ការស្នើវិនិយោគគម្រោងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលនឹងជួយក្រុងខេមរភូមិន្ទ ឱ្យមានកន្លែងកម្សាន្តថ្មី អាចទាក់ទាញភ្ញៀវទេសចរបានច្រើន ក្នុងនោះនៅពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តកោះកុង ពិសេសក្រុងខេមរភូមិន្ទនេះកាន់តែច្រើន។
ទោះយ៉ាងណា លោកអភិបាលរងខេត្តកោះកុង បញ្ជាក់ថា ការស្នើសុំវិនិយោគនេះ គឺត្រូវអនុវត្តឱ្យស្របនីតិវិធីច្បាប់ ត្រូវការការៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់លាស់៕









