អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា កាលព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមជាមួយនឹងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ឬ ASEAN-Japan Centre។
តាមការបញ្ជាក់ពីសមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបពិភាក្សាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាបទបង្ហាញអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទាំងលើទិដ្ឋភាពច្បាប់ ពន្ធដា និងកត្តាជាច្រើនទៀត ដែលមានភាពបើកចំហ ទាក់ទាញ ក៏ដូចជាងាយស្រួល សម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើបទបង្ហាញ និងពន្យល់យ៉ាងលម្អិតអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការធ្វើឱ្យប្រសើរឡើងផ្នែកភ័ស្តុភារកម្ម តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងទាំងលើផ្នែកធារាសាស្ត្រ វារីវប្បកម្ម ជាពិសេសវិស័យពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញដែលអាចផ្តល់នូវផលចំណេញទាំងពេលវេលា និងការចំណាយថ្លៃដើម។ល។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដែលបានជ្រើសយកប្រទេសជប៉ុនជាគោលដៅនៃបេសកកម្មដ៏ឧត្តុង្គឧត្តមនាពេលនេះ ហើយលោកអគ្គលេខាធិការ បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងទាក់ទាញបាននូវគម្រោងវិនិយោគមកពីគ្រប់ទិសទីឱ្យកាន់តែមានកំណើនជាលំដាប់។
សូមជម្រាបថា អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានទទួលការចាត់តាំងពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤៕