ឧកញ៉ា សាយ សុភ័ត្រា មានចំណង់ចំណូលចិត្ត ប្រមូលផ្ដុំក្រុមអ្នកនិយមជិះកង់ ដើម្បីសុខភាព ការកម្សាន្ត និងចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ ឧកញ៉ា សាយ សុភ័ត្រា ត្រូវបានសមាជិកក្រុមអ្នកជិះកង់ ផ្ដល់ការទុកចិត្តបោះឆ្នោត ធ្វើជាប្រធាន ”ក្រុមកង់គីរីរម្យ” អាណត្តិថ្មី ដែលមានសមាជិកប្រមាណជាង ១០០នាក់ និងបានបង្កើតឡើងអស់រយៈពេលជាង ៨ឆ្នាំ មកហើយ។


ក្រៅពីតួនាទីជាថ្នាក់ដឹកនាំសំខាន់មួយរូបប្រចាំក្រុមហ៊ុន សុខា អូតែល ឧកញ៉ា សាយ សុភ័ត្រា ពេលទំនេរពីការងារ ចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក លោកឧកញ៉ា តែងតែរៀបចំខ្លួនយ៉ាងសាមញ្ញ ចូលរួមជាមួយសមាជិកក្រុមកង់គីរីរម្យ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ជិះទៅកាន់បណ្ដាខេត្តឆ្ងាយៗ ដូចជា ខេត្តសៀមរាប ខេត្តព្រះសីហនុ កំពង់ឆ្នាំង កំពតជាដើម។ ខេត្តបាត់ដំបងនឹងជាទិសដៅបន្ទាប់របស់ក្រុមកង់។
លោកឧកញ៉ា ប្រធាន ក្រុមកង់គីរីរម្យ រូបនេះបញ្ជាក់ថា ការជិះកង់ជាក្រុម ទៅកាន់បណ្ដាខេត្តនៅក្នុងប្រទេសកម្ពុជា គឺជាអ្វីដែលខ្ញុំចូលចិត្តបំផុតជាពិសេសជិះឡើងភ្នំបូកគោក្នុងកម្មវិធីប្រណាំងកង់និងរត់ពាក់កណ្តាលម៉ារ៉ាតុងដើម្បីមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំនៅខែតុលា។ គោលដៅចម្បង គឺក្រុមកង់គីរីរម្យ យើងខ្ញុំ គឺជិះកង់ដើម្បីសុខភាព ដើម្បីសាមគ្គីភាព និងដើម្បីរួមចំណែកខ្លះៗ ក្នុងការបង្ហាញពីសក្កានុពលតំបន់ទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ជាពិសេសពួកយើងក៏បានរួមចំណែក បង្ហាញពីហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដូចជា៖ ផ្លូវថ្នល់ ស្ពាន និងសមិទ្ធិផលផ្សេងៗទៀត ដើម្បីឱ្យការផ្សព្វផ្សាយបានកាន់តែទូលំទូលាយតាមរយៈបណ្ដាញសង្គម។
លោកឧកញ៉ា ដែលជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន សុខា អូតែល រូបនេះ បន្ថែមថា៖ កន្លងមក ក្រុមកង់គីរីរម្យ ពួកយើងតែងតែសហការគ្នាបានយ៉ាងល្អ ជិះកង់ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដូចជាជិះឡើងភ្នំបូកគោ និងចូលរួមកម្មវិធីប្រកួតជិះកង់នានា ស្របតាមអនុសាសន៍របស់សម្ដេចតេជោ គឺ “កីឡារស់ក្នុងសន្តិភាព”។










