អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង (ING Holdings) និងលោកស្រី ហេង សុខា ព្រមទាំងកូនប្រុស និងថ្នាក់ដឹកនាំបុគ្គលិក បានរៀបចំពិធីសម្ពោធជាផ្លូវការអគារការិយាល័យកណ្ដាលថ្មីរបស់ខ្លួន រួមជាមួយក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប និងក្រុមហ៊ុន ដូនពេញ ដាតា សិនធើរ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុន អាយអិនជី ហូលឌីង បានឱ្យដឹងថា ការសាងសង់អគារការិយាល័យកណ្តាលថ្មីនេះ គឺដោយសារមានតម្រូវការនៃការពង្រីកអាជីវកម្ម ក៏ដូចជាការគិតគូរពីសុខភាពនិយោជិត បរិយាកាសនិងប្រសិទ្ធិភាពការងារ ទើបថ្នាក់ដឹកនាំក្រុមហ៊ុនបានសម្រេចចិត្តប្ដូរការិយាល័យកណ្ដាលថ្មីមកទីតាំងនៅតាមបណ្តោយមហាវិថី អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប អុឹង ស៊ីធី (ING CITY) ដែលជាតំបន់មានសក្ដានុពល ក្នុងការអភិវឌ្ឍន៍ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។

អគារការិយាល័យកណ្ដាលថ្មីនេះ ត្រូវបានចំណាយពេលពេញមួយឆ្នាំ សម្រាប់ការសាងសង់ចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៣ និងបញ្ចប់នៅខែមករា ឆ្នាំ២០២៤ ដោយបានសាងសង់ឡើងលើផ្ទៃដីជាង១ហិកតា និងមានអគារទំហំ ប្រមាណ ២៨០០ម៉ែត្រការ៉េ ដោយបានគិតគូរពីបរិស្ថានជុំវិញ មានភាពទូលំទូលាយ អាចផ្ទុកនិយោជិតបានប្រមាណ ២០០នាក់ ចំណតរថយន្ត៦០គ្រឿង និងចំណតម៉ូតូជាច្រើនគ្រឿង។
សូមជម្រាបថា ពិធីសម្ពោធអគារការិយាល័យកណ្ដាលថ្មីនេះ ក៏មានការអញ្ជើញចូលរួមពី លោក អ៉ឹង ស៊ីវម៉េង កូនប្រុសច្បង និងជាអគ្គនាយក នៃក្រុមហ៊ុន ដូនពេញ (ខេមបូឌា) គ្រុប និងលោក អ៉ឹង ស៊ីវខូវ កូនប្រុសទី២ របស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ដែលជាអគ្គនាយក ក្រុមហ៊ុន អាយអិនជី ហូលឌីង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ៕







