ឧកញ៉ា តែ ប៉រហុង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន FASMEC កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាគណៈប្រតិភូអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ និងគណៈប្រតិភូកម្ពុជា ដែលរួមមានទាំងលោកឧកញ៉ា តែ ប៉រហុង បានចូលជួបពិភាក្សាការងារជាមួយ លោក Kunihiko Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ឬ ASEAN-Japan Centre (AJC) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក៏ដូចជាបទបង្ហាញអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ទាំងលើទិដ្ឋភាពច្បាប់ ពន្ធដា និងកត្តាជាច្រើនទៀត ដែលមានភាពបើកចំហ ទាក់ទាញ ក៏ដូចជាងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។
ចំណែកឯនៅល្ងាចថ្ងៃដដែល គណៈប្រតិភូកម្ពុជា បានបន្តអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។
សូមជម្រាបថា គណៈប្រតិភូកម្ពុជាដែលអញ្ជើញពីវិស័យឯកជនជាច្រើន បាននិងកំពុងចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤៕





