អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) ប្រកបដោយសេចក្ដីព្រួយបារម្ភជាទីបំផុត នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ ព្រមទាំងបាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។
ជាមួយគ្នានោះ អ្នកឧកញ៉ា ក៏បានជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដោយសង្ឃឹមថា សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ និងបានជួបលោកតាព្រឹទ្ធាចារ្យសារជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខ ។
លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានបង្ហាញអារម្មណ៍រីករាយដោយបានដឹងថា វត្តមានរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ៕

