លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានបង្ហើបឱ្យដឹងថា សមាគមកំពុងរៀបចំកម្មវិធីដ៏ធំមួយ សម្រាប់ការជួបជុំសិល្បករ-សិល្បការិនី ប្រមាណ ២៥០០នាក់ នៅចុងខែឧសភា ឆ្នាំ២០២៤នេះ។

ការបង្ហើបខាងលើនេះ ក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញដឹកនាំក្រុមការងារ និងមិត្តអ្នកសិល្បៈទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរៈសិល្បករចាប៉ីដងវែង នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៩ ខែឧសភា ម្សិលមិញនេះ។

លោកជំទាវអ្នកឧកញ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែឧសភា សមាគមសិល្បករខ្មែរបានជួបជុំគ្នា ដើម្បីពិភាក្សាគ្នារៀបចំក្រុមប្រឹក្សាភិបាល និងរចនាសម្ព័ន្ធផ្សេងៗរបស់សមាគម ប៉ុន្តែពុំទាន់សម្រេចជាផ្លូវការនោះទេ។ អ្នកឧកញ៉ា បន្ថែមដូច្នេះថា៖ “ជាមួយគ្នានេះ នាងខ្ញុំនិងក្រុមការងារទាំងអស់ កំពុងតែរៀបចំអំពីដំណើរការនៃកម្មវិធីធំមួយ ដែលជាការជួបជុំសិល្បករ-សិល្បការិនី ប្រហែល ២៥០០នាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ”។

អ្នកឧកញ៉ាប្រធានសមាគម បានឱ្យដឹងទៀតថា កម្មវិធីនេះរៀបចំឡើងដើម្បីចង់ប្រមូលផ្តុំសិល្បករ-សិល្បការិនី ឱ្យមានភាពស្និទ្ធស្នាល និងអ្វីដែលសំខាន់ គឺការកៀរគររកមូលនិធិ ដើម្បីទ្រទង់សមាគម និងដើម្បីឱ្យសមាគមអាចធ្វើសកម្មភាពជាប្រយោជន៍ដល់សិល្បករជំនាន់មុនៗដែលអសមត្ថភាព ឬសិល្បករចាស់ៗដែលបានសន្សល់កេរ្តិ៍មរតកស្នាដៃ។
ជាថ្មីម្តងទៀត អ្នកឧកញ៉ាក៏សូមគោរពអរគុណបងប្អូន ដែលបានជឿជាក់ទុកចិត្តដល់អ្នកឧកញ៉ា។ អ្នកឧកញ៉ា ប្តេជ្ញាថានឹងខិតខំធ្វើឱ្យបានល្អបំផុត ហើយសង្ឃឹមថានៅថ្ងៃនោះ សិល្បករ-សិល្បការិនីនឹងចូលរួមឱ្យបានច្រើន និងសង្ឃឹមថាអាចកៀរគរមូលនិធិឱ្យបានច្រើន ដើម្បីសម្រេចនូវគោលបំណងដូចអ្វីដែលសមាគមបានព្រៀងទុក៕
