លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា ម្ចាស់ក្រុមហ៊ុន ឌីអិនជី គ្រុប (D N G Group) ម្តាយរបស់លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន Downtown Development បានបរិច្ចាគផ្ទះមួយល្វែង ក្នុងបុរី អេច អិល (Borey HL) ដល់អង្គការ អាង ស័ង អ៊ីន វី (UN SOIN UNE VIE au Cambodge) ធ្វើជាទីស្នាក់ការកណ្តាល សម្រាប់ព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ និងក្មេងៗពិការគ្មានលទ្ធភាពព្យាបាល ដោយឥតបង់ប្រាក់។

ផ្ទះមួយល្វែង ចំនួន៤ជាន់ ដែលលោកជំទាវឧកញ៉ា ខុង លីស៊ីអាណា បរិច្ចាគនេះ គឺផ្ទះលេខ B17 ក្នុងបុរី អេច អិល ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃសរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវសន្តិភាព។

លោកជំទាវឧកញ៉ា ខុង លីស៊ីអាណា បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ ឱ្យដឹងថា ការបរិច្ចាគខាងលើនេះ គឺដោយសារលោកជំទាវយល់ឃើញថា អង្គការមួយនេះបានជួយដល់កុមារជាច្រើននៅកម្ពុជា។ ក្នុងនាមលោកជំទាវជាប្រជាពលរដ្ឋមួយរូប ពិតជាសប្បាយចិត្តនៅពេលឃើញពួកគាត់ជាអ្នករស់នៅបរទេស ឆ្លៀតពេលវិសមកាលម្តងៗ តែងតែប្រមូលសមាជិកមកជួយដល់ខ្មែរយើងដល់ជនបទ ឬតំបន់ដាច់ស្រយាលពីទីក្រុងរាប់រយគីឡូម៉ែត្រ ក៏ពួកគាត់ព្យាយាមមកជួយខ្មែរយើង។ នេះហើយជាក្តីស្រឡាញ់ ការចែករំលែក ហើយយើងចង់ឃើញប្រជាពលរដ្ឋយើង តែងតែមានអ្នកជួយ។
លោកជំទាវឧកញ៉ា បានបន្ថែមទាំងអួលដើមកថា៖ “នៅពេលយើងមានលុយយើងអាចរកពេទ្យផ្សេងៗបាន ប៉ុន្តែសម្រាប់អ្នកគ្មានលទ្ធភាព អ្នកអត់ តើគ្នាទៅរកពេទ្យនៅទីណា។ នេះហើយជាទឹកចិត្ត នៅពេលខ្ញុំឃើញហើយ ខ្ញុំអាណិត ខ្ញុំស្ម័គ្រចិត្តថាខ្ញុំនឹងជួយជាទីស្នាក់ការសម្រាប់ពួកគាត់ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការព្យាបាលជូនប្រជាពលរដ្ឋយើងទាំងអស់គ្នាបានទាន់ពេលវេលា ដូចជាក្មេងៗគាត់ក្រ មិនមានលុយទៅព្យាបាល ក្មេងៗខ្លះគាត់ឆែបមាត់ ត្រចៀកថ្លង់ ត្រូវការវះកាត់ និងមានច្រើនរូបភាពដែលខ្ញុំមើលឃើញ។ ការបរិច្ចាគនេះ ជាក្តីស្រឡាញ់និងជាការចែករំលែក”។

សូមជម្រាបថា នេះមិនមែនលើកទីមួយទេ ដែលលោកជំទាវឧកញ៉ា ខុង លីស៊ីអាណា ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយដល់សង្គម។ កន្លងមក លោកជំទាវឧកញ៉ា ក៏តែងតែចូលរួមបរិច្ចាគជូនកាកបាទក្រហម និងបរិច្ចាគជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ។ តាមរយៈការបរិច្ចាគធនធានផ្ទាល់ខ្លួនជាហូរហែមកនេះ លោកជំទាវត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។
អង្គការ អាង ស័ង អ៊ីន វី ត្រូវបានបង្កើតឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិបារាំង និងបានជួយដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីឆ្នាំ២០១៨។ កន្លងមក អង្គការមួយនេះ តែងសហការជាមួយ មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យបង្អែក រួមជាមួយគ្រូពេទ្យឯកទេស ដើម្បីចុះពិនិត្យ ព្យាបាល និងវះកាត់កុមារ ពិការភាពមុខមាត់ និងអវៈយវៈ ជូនប្រជាពលរដ្ឋដោយឥតបង់ប្រាក់៕











