ក្រុមហ៊ុន Cambodian Broadcasting Service(CBS) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានចូលរួមចំណែកបរិច្ចាគថវិកាចំនួន៤លានរៀល ក្នុងការចូលរួមទិញអង្ករ និង ម្ហូបអាហារចែកជូនចាស់ៗ។ នេះបើយោងតាម ការបង្ហោះឱ្យដឹងរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

រ៉ូយ៉ាល់គ្រុប បានឱ្យដឹងថា ថវិកាដែលយកទៅបរិច្ចាគនាពេលនេះ ជាគឺផ្នែកមួយនៃចំណូលដែលបានពីការថតកម្មវិធី «តោះរៀនភាសា»។ ថវិកានេះបានប្រគល់ជូនតួសម្ដែង ហ៊ាទី ដើម្បីយកទៅទិញអង្ករ និង ម្ហូបអាហារចែកជូនចាស់ៗ ស្ថិតនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ការបរិច្ចាគថវិការបស់ ក្រុមហ៊ុន CBS នាពេលនេះ គឺធ្វើឡើងក្រោយពី តួសម្ដែង ហ៊ាទីបានប្រកាសថា ប្រាក់ដែលបានមកពីការថតកម្មវិធី «តោះរៀនភាសា» នឹងយកទៅចែកជូនជនក្រខ្សត់។ ភ្លាមៗ បន្ទាប់ហ៊ាទី ប្រកាសបែបនេះ CBS ក៏បានទាក់ទងទៅដើម្បីចូលរួមចំណែកកម្មវិធីសប្បុរធម៌នេះដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុន Cambodian Broadcasting Service ហៅកាត់ថា CBS ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ ដែលបច្ចុប្បន្ននេះ រួមមាន CTN, MyTV, CNC និង CBS Digital៕